(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានថ្លែងជំរុញឲ្យមន្រ្តីក្រោមឱវាទរបស់ខ្លួនទាំងអស់ ត្រូវបង្កើនសកម្មភាពការងារបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយសីលធម៌ល្អ និងត្រូវចេញដោះស្រាយឲ្យទាន់ពេលវេលានូវបញ្ហារបស់ប្រជាពលរដ្ឋ។
លោករដ្ឋមន្រ្តី បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញប្រកាសតែងតាំងតួនាទីថ្មី មន្រ្តីក្រសួងសង្គមកិច្ចនាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦នេះ។ លោក វង សូត បានគូសបញ្ជាក់ប្រាប់មន្រ្តីរបស់ខ្លួនថា ពេលនេះមន្រ្តីទាំងអស់មិនអាចព្រងើយកន្តើយទៀតបានទេ រាល់បញ្ហាអសកម្មការងារ នឹងត្រូវប្រជាពលរដ្ឋប្តឹងទៅនាយករដ្ឋមន្រ្តី នៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដោយផ្ទាល់តាម Facebook របស់សម្តេច។
លោក វង សូត បានថ្លែងយ៉ាងដូច្នេះ «អាណិតរាជរដ្ឋាភិបាល អាណិតបក្ស មន្រ្តីយើងត្រូវប្រឹងប្រែងបម្រើការងារ និងផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អ មានសីលធម៌ និងត្រូវចេះពន្យល់ហេតុផល។ ឥឡូវនេះមិនអាចព្រងើយកន្តើយដូចមុនបានទេ មានរឿងអីប្រជាពលរដ្ឋនឹងប្តឹងទៅនាយករដ្ឋមន្រ្តីផ្ទាល់»។
លោករដ្ឋមន្រ្តី ក៏បានជំរុញឲ្យមន្រ្តីដែលទទួលខុសត្រូវតាមតួនាទី និងភារកិច្ចនីមួយៗ ត្រូវតាមដានទំព័រ Facebook នាយករដ្ឋមន្រ្តី មើលការប្រតិកម្មរបស់ប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងតួនាទីរបស់ខ្លួន ហើយត្រូវចេញដោះស្រាយឲ្យបានរហ័ស៕