(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តមានកិត្តិយស បានឲ្យដឹងថា កន្លងមកនេះ មានជនខិលខូចមួយចំនួនបានបង្កើតគណនី Facebook ឈ្មោះ «ឯកឧត្តម ម៉ៅ ធនិន» ដោយបានប្រើប្រាស់នូវឈ្មោះ និងរូបភាពរបស់លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ដើម្បីបង្ហោះនូវព័ត៌មានមួយចំនួនបម្រើឲ្យមហិច្ចតាខ្លួន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១។
រដ្ឋបាលខេត្ត បានអះអាងថា លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ មានគណនី Facebook ផ្ទាល់ខ្លួនតែមួយ ដែលមានអាសយដ្ឋាន (https://www.facebook.com/profile.php?id=10001113094186) និង Facebook Page ផ្លូវការផ្ទាល់ខ្លួនមួយ ដែលមានអាសយដ្ឋាន (https://m.facebook.com/%E1%9E%98%E1%9F%89%E1%9F%85%E1%9E%92% E1%9E%93%E1%9E%B7%E1%9E%93-1125768237457453)។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត សូមច្រានចោលនូវព័ត៌មានទាំងឡាយណាដែល បានបង្ហោះនូវសារផ្សេងៗ ក្រៅពីអាសយដ្ឋាន គណនី Facebook និង Facebook Page ផ្លូវការទាំងពីរខាងលើនេះ របស់លោក ម៉ៅ ធនិន។
ទន្ទឹមនេះ រដ្ឋបាលខេត្ត ក៏សូមសំណូមពរដល់ក្រសួងស្ថាប័ន មានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលទាំងឡាយណាដែលបានយកឈ្មោះ និងរូបភាពរបស់ លោក ម៉ៅ ធនិន ដើម្បីបង្កើតអាខោន Facebook ក្លែងក្លាយក្នុងបំណងទុច្ចរិតណាមួយ ដើម្បីទាក់ទាយចំណាប់អារម្មណ៍ ឬដើម្បីបំភាន់មតិសាធារណៈជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់៕