(កំពត)៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ លើស្ដ្រីជនជាតិខ្មែរម្នាក់ ឈ្មោះ ស៉ឹម ស៉ីមួយ អាយុ៣០ឆ្នាំ រស់នៅភូមិព្រៃព្រូស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច។ នេះបើតាមលិខិតរបស់រដ្ឋបាលស្រុកកំពង់ត្រាច ផ្ញើទៅកាន់អភិបាលខេត្តកំពត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
ក្នុងលិខិតនោះ រដ្ឋបាលស្រុកកំពង់ត្រាច បានគូសបញ្ជាក់ថា ស្ដ្រីឈ្មោះ ស៉ឹម ស៉ីមួយ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ បានមកដល់លំនៅឋានស្ថិតក្នុងភូមិព្រៃព្រូស ឃុំព្រែកក្រឹស ហើយតាមការស្រាវជ្រាវស្ដ្រីរូបនេះ បានធ្វើដំណើរមកពីភ្នំពេញ ដោយម៉ូតូផ្ទាល់ខ្លួនជាមួយប្ដីឈ្មោះ គង់ ប្រុស។
ក្រោយទទួលបានព័ត៌មានពីការវិលត្រឡប់ ក្រុមការងារឃុំ សហការជាមួយមន្ដ្រីសុខាភិបាលស្រុកប្រតិបត្តិកំពង់ត្រាច បានចុះពិនិត្យកំដៅ និងតេស្ដយកសំណាកពិនិត្យទាំងប្ដីប្រពន្ធភ្លាមៗ ដោយអាការៈសុខភាពរបស់ពួកគាត់មិនសូវល្អ ក្រុមការងារបានបញ្ជូនពួកគាត់មកធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យបង្អែកស្រុក។ រហូតមកដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានបង្ហាញថា ស្ដ្រីឈ្មោះ ស៉ឹម ស៉ីមួយ វិជ្ជមានជំងឺកូវីដ១៩។
ខាងក្រោមនេះ ជាលិខិតរបស់រដ្ឋបាលស្រុកកំពង់ត្រាច និងទីតាំងដែលស្ដ្រីនោះបានទៅ មុនរកឃើញកើតជំងឺកូវីដ១៩៖