(ភ្នំពេញ)៖ ក្រុមហ៊ុនកម្ពុជាតេលា នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ បានប្រារព្ធពិធីជប់លៀងដល់ បុគ្គលិកជាង ៥០០នាក់ ដើម្បីអបអរសាទរ ទិវាសិទ្ធិនារីអន្ដរជាតិ ៨មីនា ឆ្នាំ២០១៦ នេះ ហើយក៏មានការរៀបចំកាដូ ជូនបុគ្គលិកជាស្ដ្រីជាច្រើននាក់ផងដែរ។
អគ្គនាយកក្រុមហ៊ុនកម្ពុជាតេលា លោក ឈុន អូន បានថ្លែងថា ក្រុមហ៊ុនបានរៀបចំកម្មវិធីជប់លៀង ដល់បុគ្គលិកទាំងអស់ នៅគ្រប់ទីតាំងក្នុងរាជធានីភ្នំពេញ សរុបប្រមាណ ៥០០នាក់ ដើម្បីអបអរសាទរ ទិវាសិទ្ធិនារីអន្ដរជាតិ ៨មីនា ឆ្នាំ២០១៦នេះ ដែលជាទិវាដ៏សំខាន់ ក្នុងការលើកស្ទួយស្ដ្រីទូទាំងពិភពលោក តែមិនមែនតែមួយថ្ងៃនេះទេ ដែលពិភពលោកឲ្យតម្លៃទៅលើស្ដ្រីនោះ គឺមានជារៀងរាល់ថ្ងៃផងដែរ តែដោយសារតែទុកពេលមួយថ្ងៃនេះ ដើម្បីធ្វើទិវាជូនដល់ស្ដ្រី ដែលបានដើរតួនាទីយ៉ាងសំខាន់។
លោកបន្ថែមថា «ដូច្នេះហើយ ថ្ងៃនេះខ្ញុំក៏បានរៀបចំកាដូជាច្រើន ជូនដល់បុគ្គលិកខ្ញុំ ជាស្ដ្រីទាំងអស់ ក្រៅពីពិធីជប់លៀងនេះ ដើម្បីអបសាទរក្នុងទិវារបស់ពួកគាត់ ដែលតែងតែចូលរួមចំណែកជួបដល់ក្រុមហ៊ុន»។
គួរបញ្ជាក់ថា ក្រុមហ៊ុនតេលាកម្ពុជាតេលា រហូតមកដល់ពេលនេះ មានសាខាចែកចាយបន្ដ និងចែកចាយផ្ទាល់ មានចំនួនប្រមាណជាង ១៤០០សាខា នៅទូទាំង២៥ ខេត្ដ-ក្រុង ហើយ ក្រុមហ៊ុនតេលាមួយនេះ ក៏បានចូលរួមយ៉ាងសកម្ម ក្នុងការជួយសង្គមជាតិ និងសកម្មភាពមនុស្សធម៌។
ជាក់ស្ដែងកាលពីថ្ងៃទី២៧ ខែកុម្ភៈ កន្លងទៅនេះទាំងថ្នាក់ដឹកនាំ និងបុគ្គលិកជាង ១០០នាក់ របស់ក្រុមហ៊ុនតេលាកម្ពុជា បានចូលរួមយុទ្ធនាការយ៉ាងច្រើនកុះករ ក្នុងការបរិច្ចាគឈាម ដោយស្មោះចិត្ដ ដើម្បីជួយសង្គ្រោះជនរងគ្រោះ ព្រមទាំងអ្នកជំងឺ ដែលត្រូវការឈាមក្រោមប្រធានបទ «ផ្ដល់ឈាម ផ្ដល់សេចក្ដីស្រលាញ់» ដែលប្រារព្ធធ្វើឡើងនៅ ទីស្នាក់ការការិយាល័យកណ្ដាលក្រុមហ៊ុនតេលាផងដែរ៕