(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ បានជូនដំណឹងថា ប្រជាពលរដ្ឋទាំង ២១នាក់ ដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ម្នាក់ នៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ត្រូវបានអាជ្ញាធរអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញហើយ តែត្រូវបន្តធ្វើចត្តាឡីស័ករយ:ពេល ១៤ថ្ងៃ នៅផ្ទះរៀងៗខ្លួន។
គួរជម្រាបថា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ កន្លងទៅ មានករណីវិជ្ជមានជំងឺកូវីដ-១៩ លើបុរសម្នាក់ និងបានឆ្លងទៅដល់សមាជិកគ្រួសារចំនួន ៣នាក់ រស់នៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដូច្នេះរដ្ឋបាលខេត្តសៀមរាបបានសម្រេចដាក់ចេញវិធានការបិទទីតាំងលំនៅឋានមួយចំនួន និងបានយកអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលចំនួន ២១នាក់ ធ្វើចត្តាឡីស័ក និងយកសំណាកធ្វើតេស្តស្រាវជ្រាវជំងឺកូវីដ-១៩ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងខេត្តសៀមរាប។
មកទល់ថ្ងៃនេះ អ្នកពាក់ព័ន្ធទាំងនោះទទួលបានលទ្ធផលតេស្តអវិជ្ជមានជំងឺកូវីដ-១៩ ចំនួនបួនលើក ដូចនេះរដ្ឋបាលខេត្តសម្រេចអនុញ្ញាតឲ្យអ្នកពាក់ព័ន្ធទាំង ២១នាក់នោះ វិលត្រលប់ទៅលំនៅឋានវិញ និងណែនាំឲ្យគ្រប់អ្នកពាក់ព័ន្ធទាំងនេះ បន្តធ្វើចត្តាឡីស័កដាក់ខ្លួនឱ្យនៅដាច់ដោយឡែកពីអ្នកដទៃរយៈពេល ១៤ថ្ងៃ នៅតាមលំនៅឋានរៀងៗខ្លួនបន្តទៀត។
រដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់ទៀតថា ក្នុងករណីប្រជាពលរដ្ឋមានការប្រែប្រួលសុខភាព ត្រូវរួសរាន់ផ្តល់ព័ត៌មានមកអាជ្ញាធរមូលដ្ឋាន ឬលេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/ ០៧៧ ៧៨៩ ០០១ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវបន្តទៀត។
ទន្ទឹមនឹងនេះ ដើម្បីអនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រសួង-ស្ថាប័នពាក់ព័ន្ធ លើវិធានការទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ កំពុងបន្តការរាលដាលក្នុងសហគមន៍នៅតាមបណ្តារាជធានី-ខេត្តនោះ ប្រជាពលរដ្ឋ និងសាធារណជនទូទៅ ត្រូវយកចិត្តទុកដាក់អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺ ៣ ការពារ ដែលត្រូវពាក់ម៉ាស់ ត្រូវលាងដៃជាមួយសាប៊ូ ឬជែល និងត្រូវរក្សាគម្លាតសង្គម និង ៣កុំ គឺកុំចូលទៅ កន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល កុំទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា៕