(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំ រវាងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ជាមួយតំណាងរដ្ឋបាលរាជធានីខេត្តទាំងអស់ ដើម្បីពន្យល់ និងផ្សព្វផ្សាយអំពីវិធានការតាមផ្លូវច្បាប់នានា ទាក់ទងនឹងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដូចជាបកស្រាយរាល់ចម្ងល់ទាក់ទងនឹងការដាក់ចេញនូវវិធានការនានារបស់រដ្ឋបាលរាជធានីខេត្ត។
កិច្ចប្រជុំនេះ បានរៀបចំឡើងតាមរយៈប្រព័ន្ធ Zoom ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងតំណាងរាជធានី-ខេត្តទាំងអស់ផងដែរ។
សូមបញ្ជាក់ថា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព នាថ្មីៗនេះ កម្ពុជាបានចេញច្បាប់ និងអនុក្រឹត្យ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតផងដែរ៕