(ព្រៃវែង)៖ លោកជា សុមេធី អភិបាលខេត្តព្រៃវែង នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ បានសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងឈានចូលមកដល់នៅពេលខាងមុខនេះ។
លោក ជា សុមេធី បានថ្លែងធ្វើការផ្តាំផ្ញើដល់មន្ត្រីរាជការនិងពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្អិនម្ហូបអាហារ អុជធូប និងទៀន ដើម្បីចៀសវាងកុំឲ្យមានអគ្គីភ័យកើតឡើងដោយការធ្វេសប្រហែសណាមួយដែលធ្វើឲ្យរំខានក្នុងថ្ងៃចូលឆ្នាំ។
លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់មន្ត្រីរាជការ ប្រជាពលរដ្ឋត្រូវចូលរួមទប់ស្កាត់ការពារការចម្លងកូវីដ១៩ ទាំងអស់គ្នា តាមរយៈការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ។ រាល់ការបើកបរត្រូវគោរពច្បាប់ចរាចរណ៍ កុំបើកប្រជែងយកលឿនតែខ្លួនឯង កុំផឹកគ្រឿងស្រវឹងក្នុងពេលបើកបរ ត្រូវមានការយោគយល់គ្នា និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ទោះបីបើកបរជិតឬឆ្ងាយ ដើម្បីសុវត្ថិភាពក្នុងថ្ងៃចូលឆ្នាំទាំងអស់គ្នា។
នៅក្នុងឱកាសនោះលោកអភិបាលខេត្ត បានផ្តល់នូវកាដូរជាដបសម្រាប់ដាក់ទឹកក្តៅ ជូនដល់មន្ត្រីរាជការសាលាខេត្តព្រៃវែងទាំងអស់ផងដែរ៕