(កំពង់ឆ្នាំង)៖ ក្រុមសមត្ថកិច្ចចម្រុះនៅល្ងាចថ្ងៃទី៥ ខែមេសានេះ បានឲ្យដឹងថា បុរសឈ្មោះ ពិន ប៉ូ ជាអ្នកបើកម៉ូតូកង់៣ម្នាក់ រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ដែលពាក់ព័ន្ធនឹងបុរសមានវិជ្ជមានកូវី១៩ ឈ្មោះ សោម ឡូ នៅភូមិសង្កាត់ជាមួយគ្នា ដោយមានការណែនាំអប់រំ ពីអាជ្ញាធរមូលដ្ឋាន និងការព្រមានពីសមត្ថកិច្ច អំពីផ្លូវច្បាប់ផងនោះ គាត់និងប្រពន្ធបានយល់ព្រមឡើងរថយន្តរបស់ក្រុមគ្រូពេទ្យជួរមុខ ទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់ខេត្តហើយ។
ដោយឡែកពួកកូនៗ របស់គាត់២នាក់ទៀត ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចអនុញ្ញាតឲ្យធ្វើចត្តាឡីស័កនៅក្នុងផ្ទះ ដោយមានសមត្ថកិច្ចមូលដ្ឋាន ប្រចាំការ ការពារយ៉ាងម៉ឺងម៉ាត់ផងដែរ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា កាលពីព្រឹកថ្ងៃទី៥ ខែមេសានេះ ក្រុមសមត្ថកិច្ចចម្រុះ ដែលមានក្រុមគ្រូពេទ្យជួរមុខ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចមូលដ្ឋាន បាននាំគ្នាចុះមកយកបុរសខាងលើទៅធ្វើចត្តាឡីស័ក តាមវិធានការរបស់ក្រសួងសុខាភិបាល បន្ទាប់ពីបានដឹងថាបុរសជាអ្នករត់ម៉ូតូកង់៣ខាងលើ មានការពាក់ព័ន្ធដោយផ្ទាល់ជាមួយនឹងបុរសដែលមានវិជ្ជមានកូវីដ-១៩ ឈ្មោះសោម ឡូ កាលពីថ្ងៃទី៣០ ខែមេសា។ ប៉ុន្តែ កូនស្រីរបស់បុរសខាងលើ បានធ្វើការតវ៉ាយ៉ាងខ្លាំងជាមួយក្រុមការងារចម្រុះ ដោយមិនអនុញ្ញាតឲ្យក្រុមចម្រុះយកឪពុករបស់ខ្លួនទៅធ្វើចត្តាឡីស័កឡើយ។
សូមជម្រាបថា យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា មានមនុស្ស២៤នាក់ បានពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយនឹងលោក សោម ឡូ ដែលត្រូវបានប្រកាសថា កើតជំងឺកូវីដ១៩ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១។ អាជ្ញាធរក្រុងកំពង់ឆ្នាំង បានអំពាវនាវអ្នកពាក់ព័ន្ធទាំងអស់ ទៅយកសំណាកធ្វើតេស្ត នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងជាបន្ទាន់៕