(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ បានចុះពិនិត្យ និងចែកស្បៀងអាហារជូនដល់ប្រជាពលរដ្ឋដែលជាប់នៅទីតាំងចត្តាឡីស័ក ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រោយទីតាំងនោះមានអ្នកកើតជំងឺកូវីដ ហើយអាជ្ញាធរសម្រេចបិទបណ្ដោះអាសន្ន។
ថ្លែងក្នុងឱកាសនោះ លោក ឃួង ស្រេង បានឧបត្ថម្ភនូវអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនប្រជាពលរដ្ឋដែលជាប់នៅទីតាំងនោះ ចំនួន១៦០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករមួយបាវ និងមីមួយកេស។
បើតាមលោក ឃួង ស្រេង នៅថ្ងៃស្អែកអាជ្ញាធរនឹងបន្ដឧបត្ថម្ភស្បៀងអាហារជូនដល់ប្រជាពលរដ្ឋជាបន្ដបន្ទាប់ទៀត ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ អត់ស្បៀងអាហារដើម្បីទទួលទាន គ្រាដែលកំពុងធ្វើចត្តាឡីស័កនោះទេ។ ដូច្នេះសូមប្រជាពលរដ្ឋកុំមានការព្រួយបារម្ភ។
លោក ឃួង ស្រេង បានអះអាងថា ក្នុងករណីប្រជាពលរដ្ឋត្រូវការទិញម្ហូបអាហារបន្ថែមទៀតនោះ អាចទាក់ទងទៅលេខទូរស័ព្ទរបស់អ្នកលក់ ដើម្បីទិញមកដាក់នៅខាងមុខទីតាំងចត្តាឡីស័ក ហើយពួកគាត់អាចចេញមកយកបាន។
គួរជម្រាបថា ទីតាំងខាងលើនេះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ បានសម្រេចបិទនៅល្ងាចថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីរកឃើញថា មានអ្នកឆ្លងជំងឺកូវីដជាបន្ដបន្ទាប់៕