(កោះកុង)៖ ដើម្បីចូលរួមបង្កាទប់ស្កាត់ការពារនៃការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ក្រុមលោកគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដឹកនាំដោយ លោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន៤០រូប និងមានការចូលរួមសហការណ៍ជាមួយក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តកោះកុង បើកយុទ្ធនាការចាក់ថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកងកម្លាំងនគរបាលជាតិខេត្តកោះកុង និងកងវិស្វកម្ម ដែលជាកងកម្លាំងដែលប្រឈមនៃឆ្លងជំងឺកូវិដ១៩ជាងគេ។
លោក លេង ផាលី បានឲ្យភ្នាក់ងារ Fresh News ថា ដើម្បីចូលរួមចុះបេសកកម្មចាក់ថ្នាំវ៉ាក់សាំងការពារជំងឺកូវិដ១៩ ជូនដល់កងកម្លាំងនគរបាលជាតិនិងកម្លាំងវិស្វកម្មក្រុមលោកគ្រូពេទ្យស្ម័គ្រចិត្តបានបើកយុទ្ធនាការចាក់ថ្នាំការពារកូវិដ១៩រយៈពេល ៥ថ្ងៃដោយគិតចាប់ពីថ្ងៃទី៥ ដល់ទី៩ ខែមេសាឆ្នាំ២០២១ ស្ថិតក្នុងបរិវេណសាខាកាកបាតក្រហមកម្ពុជាខេត្តកោះកុង ដើម្បីឲ្យស្របតាមអនុសាសន៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកលេង ផាលី បានបន្តថា យុទ្ធនាការចាក់ថ្នាំបង្កាទប់ស្កាត់ការពារកូវិដ១៩នេះពិតជាមានសារៈសំខាន់ណាស់ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលឈានឆ្ពោះទៅរកការបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ និងជួយក្នុងទប់ស្កាត់ការចាក់ថ្នាំបង្កាការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះជូនបងប្អូនជនរួមជាតិ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោកហ៊ុន ម៉ានីដោយមិនគិតពីការនឿយហត់ឡើយ៕