(ពោធិ៍សាត់)៖ ខួបលើកទី១០៥ ទិវានារីអន្តរជាតិ៨មិនា ឆ្នាំ២០១៦ ក្រោមប្រធានបទ «វិនិយោគលើសមភាពយេនឌ័រ ដើម្បីកិច្ចការអភិវឌ្ឍន៍ប្រកបដោយចីរភាព» ត្រូវបានមន្ទីរកិច្ចការនារីខេត្ត សហការជាមួយបណ្តាមន្ទីរ និង អង្គការដៃគូបានប្រារព្ធធ្វើនៅលើបុរីវប្បធម៌ កោះសំពៅមាស នាព្រឹកថ្ងៃទី០៣ ខែ មីនា ឆ្នាំ ២០១៦ ដោយមានការអញ្ជើញចូលរួមពី លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និង លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ ព្រមទាំង សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកអភិបាល អភិបាលរងស្រុក ក្រុង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ សមាជិក សមាជិកាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងសិស្សានុសិស្សសរុបចំនួន ១,៥០០នាក់។

លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត បានស្វាគមន៍ និង សម្តែងក្តីរីករាយ នៅក្នុងពិធីដ៏មានអត្ថន័យ ខួបលើកទី១០៥ ទិវានារីអន្តរជាតិ ៨ មីនា គឺជាទិវាមួយត្រូវបានប្រារព្ធទូទាំងប្រទេស និង នៅលើពិភពលោក ដើម្បីរំលឹកឡើងវិញនូវប្រវត្តិ នៃការតស៊ូ និងជំនះរាល់ឧបសគ្គ ទាមទារនូវសិទ្ធិ សេរីភាព ពីម្ចាស់រោងចក្ររហូត ទទួលបានជោគជ័យជាស្ថាពរ។ ជាក់ស្តែងនៅ​ក្នុងខេត្ត​ពោធិ៍សាត់  ក៏បានរៀបចំពិធីនេះយ៉ាងអធិកអធម ដោយមានបងប្អូននារី បានចូលរួមយ៉ាងច្រើនកុះករ នេះសរបញ្ជាក់ឲ្យឃើញថា នារីត្រូវបានប្រមុខរាជរដ្ឋាភិបាល យកចិត្តទុកដាក់ និង ជម្រុញឲ្យថ្នាក់​ដឹក​នាំបេក្ខភាពនារី ដែលកំពុងបម្រើការងារនៅក្នុងសង្គម ត្រូវតែបង្កបង្កើនសមត្ថភាព ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិ ព្រោះថានារីជាឆ្អឹងខ្នងសេដ្ឋកិច្ចយ៉ាងសំខាន់ មិនអាចខ្វះបាន ។

លោកអភិបាលខេត្តបានបញ្ជាក់ទៀតថា ជាមួយគ្នានោះក៏​បានផ្តល់សិទ្ធិឲ្យនារី ចូលរួមជាកម្លាំងចលករ ក្នុងការរួមចំណែកជម្រុញប្រទេសកម្ពុជា​ឆ្ពោះទៅរកការ​អភិវឌ្ឍន៍ សេដ្ឋកិច្ច វប្បធម៌ ពាណិជ្ជកម្ម កសិកម្ម និង ទេសចរណ៍ប្រកបដោយនិរន្តភាព និង លើកទឹកចិត្តដល់នារី នៅគ្រប់មន្ទីរ អង្គភាពនានា ឲ្យមានតម្លៃ មានសិទ្ធិ និង មានលទ្ធភាពបំពេញភារកិច្ចរបស់ខ្លួន ពិសេសបានលើក​តម្កើងផ្តល់​កិត្តិយស ដល់ស្ត្រីកាន់តែខ្ពស់ នៅក្នុងកិច្ចការងារនយោបាយ សេដ្ឋកិច្ច សង្គមទៀតផង។

លោក ម៉ៅ ធនិន ក៏បានសរសើរ ដល់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ខេត្ត ដែលចេះរួមគ្នាសាមគ្គីជួយគ្នាទៅវិញទៅមកពិសេសស្ត្រីក្រីក្រ ពិការ កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៏ និង អ្នករងគ្រោះថ្នាក់ផ្សេងៗ និង សូមឲ្យសកម្មភាពនេះកាន់តែសាយភាយទៅដល់មូលដ្ឋាន ដើម្បីជាគំរូដ៏ល្អសម្រាប់អ្នកជំនាន់ក្រោយ ។

ក្នុងឱកាសនោះដែរ លោក ម៉ៅ ធនិន និង លោកស្រី ហ៊ុន ចាន់ធី ក៏បានចែកជូនវត្ថុកំដរដៃ ដល់អ្នកចូលរួមចំនួន១,៥០០នាក់ ក្នុងម្នាក់ៗទទួលបាននូវសារុងមួយផងដែរ៕