ក្មេងស្រីស្ទាវ២ក្រុម ជិះម៉ូតូដេញវាយគ្នា ផ្អើលប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណ នគរបាលឃាត់ខ្លួនមួយយប់
03-03-2016 12:33
(បន្ទាយមានជ័យ)៖ ការភ្ញាក់ផ្អើលមួយ នៅម្តុំរង្វង់មូលស្រីគ្រប់លក្ខណ៍ ដោយប្រជាពលរដ្ឋនៅទីនោះ បាននាំចោមរោមឈរមើលក្មេងស្រីស្ទាវ២ក្រុម បានជិះម៉ូតូដេញវាយគ្នា នៅតាមផ្លូវជាតិលេខ៥ យ៉ាងសាហាវ ត្រូវបាននគរបាលឃាត់ខ្លួនរួច បញ្ជូនទៅនគបាលប៉ុស្តិ៍ព្រះពន្លា ដើម្បីធ្វើកំណត់ហេតុទាំងយប់។
ហេតុការណ៍ជិះម៉ូតូដេញវាយគ្នាយ៉ាងសាហាវនោះ កើតឡើងនៅវេលាម៉ោង៦ល្ងាច ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦ នៅចំណុចផ្លូវជាតិលេខ៥ ត្រង់ម្តុំរង្វង់មូលស្រីគ្រប់លក្ខណ៍ ក្នុងភូមិ៣សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោក សុក ថៃ មេប៉ុស្តិ៍ព្រះពន្លាបានឲ្យដឹងថា មុនពេលកើតហេតុមានក្មេងស្រី២ក្រុម មួយក្រុម១មានគ្នា២នាក់ ហើយមួយក្រុមទៀតមានគ្នាដល់ទៅ៣នាក់ បានជិះម៉ូតូ៣គ្រឿង ដែលបង្កឡើងដោយឈ្មោះម៉ា រ៉ា ភេទស្រី អាយុ១៦ មានទីលំនៅផ្លូវជាតិលេខ៥ ក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ និងបក្សពួកមិនស្គាល់ឈ្មោះម្នាក់ទៀត បានធ្វើសកម្មភាពជិះម៉ូតូ៣គ្រឿង ដេញវាយទៅលើឈ្មោះ លុច ស្រីណេ ស្រីអាយុ១៧ឆ្នាំ រស់នៅក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងរិរីសោភ័ណ។
លោកបន្តថា ការដេញវាយគ្នាចាប់ពីផ្សាររាត្រី រហូតមកដល់រង្វង់មូលស្រីគ្រប់លក្ខណ៍ ហើយភាគីខ្លះមានស្បែកជើងកាន់នៅដៃ ដេញវាយទៅលើគូភាគីមួយទៀត បណ្តាលឲ្យអ្នកខ្លះរងរបួសធ្ងន់ធ្ងរ។ក្រោយពីធ្វើសកម្មភាពដេញវាយគ្នា រួចមកនគបាលមួយក្រុមនៅយាមទីនោះ បានឃាត់ខ្លួនរួចបញ្ជូន ទៅប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។
នៅមុខនគបាលក្មេងទំនើងទាំង២ក្រុមនេះ បានឆ្លើយសារភាពថា ខ្លួនឈ្លោះគ្នានេះ គឺជារឿងគំនុំសេ្នហាត្រីកោណ ទើបឈានដល់ការវាយតប់គ្នា យ៉ាងសាហាវដូច្នេះ។ ក្រោយពីធ្វើកំណត់ហេតុរួច លុះព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦នេះ លោក សុក ថៃ បានអញ្ជើញម្តាយឪពុកក្មេងស្រីទំនើងទាំង២ក្រុម ឲ្យមកធ្វើកិច្ចសន្យា ដើម្បីបញ្ចប់រឿងកុំឲ្យឈ្លោះគ្នាបន្តទៀត៕