Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បើកពិព័រណ៌ពាណិជ្ជកម្មផលិតផល OTOP ឃុំមួយផលិតផលមួយ រវាងខេត្តកោះកុង និងខេត្តត្រាត ប្រទេសថៃ

03-03-2016 12:20

(កោះកុង)៖ ខេត្តកោះកុងនិងខេត្តត្រាតប្រទេសថៃ នៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ បានរៀបចំពិធីពិព័រណ៌ពាណិជ្ជកម្មផលិតផល OTOP (ឃុំ១ផលិតផល១) ជាលើកទី៤។

ពិធីបើកពិព័រណ៌ពាណិជ្ជកម្ម រវាងខេត្តកោះកុង និងខេត្តត្រាត ក្រោមអធិបតីភាពលោក ប៊ុន លើត អភិបាលខេត្តនៃគណៈអភិបាលខេត្តកោះកុង និងសមាជិកសមាជិកា គ្រប់លំដាប់ថ្នាក់ និងសិស្សកាយរិទ្ធិ សិស្សកាក់បាទក្រហមកម្ពុជា។ ចំណែកភាគីថៃក្រោមអធិបតីភាព លោក ឆានណៈ អៀងសែង អភិបាលខេត្តត្រាត ព្រមទាំងមន្រ្តីក្រោមឱវាទ។

នៅក្នុងឱកាសនោះ លោក ប៊ុន លើត អភិបាលខេត្តបានថ្លែងថា កម្មវិធីពិព័រណ៌ពាណិជ្ជកម្មផលិតផល OTOP ជាសក្ខីភាពបញ្ជាក់ឲ្យឃើញថា អំពីភាពរឹតចំណងសាមគ្គីភាព សម្ព័ន្ធមេត្រីភាព ការរួមគ្នាលើកស្ទួយវិស័យពាណិជ្ជកម្ម និងលើកកម្ពស់វិស័យទេសចរណ៍ តាមព្រំដែនរវាងខេត្តទាំង២ ឲ្យកានតែមានភាពរីកចំរើន និងស្និតស្នាលទៅថ្ងៃអនាគត់។

លោក ប៊ុន លើត បានបន្តថា ក្នុងរយៈពេលកន្លងមកក្រៅ ពីពិធីតាំងពិព័រណ៌ពាណិជ្ជកម្មផលិតផល OTOP នេះ គឺខេត្តកោះកុង និងខេត្តត្រាត ធ្លាប់មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ក្នុងផ្នែកផ្សេងៗមានការរៀបចំកម្មវិធីជិះកង់ ជាលក្ខណៈមិត្តភាព ការប្រកួតកីឡាជាលក្ខណៈមិត្តភាព រួមគ្នាដាំកូនឈើ ចូលរួមកិច្ចប្រជុំទស្សនៈកិច្ចជាដើម។ល។

លោកបានបន្តថា ការពិព័រណ៌ពាណិជ្ជកម្ម រវាងខេត្តកោះកុង និងខេត្តត្រាតនេះ គឺសំដៅទៅការផ្លាស់ប្តូរបទពិសោធន៍ គ្នាទៅវិញទៅមក ដើម្បីពង្រឹងឲ្យសម្ធិផលទាំងអស់ មានគុណភាព៕