(សៀមរាប)៖ លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត តំណាងលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តសៀមរាប នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់អគារ៧ខ្នង និងទីលានកីឡា១កន្លែង នៃអង្គការទាំងអស់គ្នាដើម្បីកម្ពុជា ដើម្បីជាថ្នាលបណ្តុះបណ្តាល ចំណេះដឹងដល់កុមារកំព្រា និងកុមារងាយរងគ្រោះទាំងឡាយ សកម្មភាពទាំងនេះ ជាកាយវិការដ៏ថ្លៃថ្លាសំដៅ លើកកម្ពស់សិទ្ធិកុមារ សីធម៌សង្គម និងការជួយគ្នាទៅវិញទៅមក ដើម្បីអនាគតដ៏ប្រពៃ នៃកុមារទាំងនោះ ក៏ដូចជាភាពរុងរឿងនៃប្រទេសជាតិ។
លោកអភិបាលខេត្តបានថ្លែង ក្នុងឱកាសនោះថា វិស័យអប់រំ ក៏បានចាត់ទុកជាវិស័យអាទិភាព ដែលថ្នាក់ដឹកនាំគ្រប់ថ្នាក់ តែងបានយកចិត្តទុកដាក់ ក្នុងការបង្កើនលទ្ធភាពឲ្យកុមារ និងយុវជនគ្រប់រូបទទួលបាននូវ សេវាអប់រំប្រកបដោយសមធម៌ តាមរយៈការបន្តជំរុញកសាងសាលាបឋមសិក្សា ឲ្យដល់ភូមិ និងអនុវិទ្យាល័យ ឲ្យបានមួយយ៉ាងតិចនៅក្នុងឃុំនីមួយៗ ស្របតាមស្ថានភាពភូមិសាស្រ្ត ព្រមទាំងជំរុញឲ្យមានសាកលវិទ្យាល័យ ឬសាខាសាកលវិទ្យាល័យ នៅតាមខេត្តនីមួយៗ ស្របតាមលទ្ធភាព និងស្ថានភាពជាក់ស្តែង។
សូមជម្រាបថា ការកសាងអគារសិក្សាចំនួន០៧ខ្នង និងទីលានកីឡា ក្នុងអង្គការទាំងអស់គ្នា ដើម្បីកម្ពុជា បានចំណាយថវិការ ប្រមាណជាង ៧៨០ ០០០ដុល្លារ ដែលជាថវិការសប្បុរសជនរបស់អង្គការទាំងអស់គ្នាដើម្បីកម្ពុជា៕