(ភ្នំពេញ)៖ ក្រុមភ្នាក់ងារពន្ធដារ (Tax Agent) និងអ្នកជាប់ពន្ធផ្សេងៗ ដែលជាអ្នកប្រើប្រាស់ប្រព័ន្ធ Online បង្កើតដោយអគ្គនាយកដ្ឋានពន្ធដារ បានសម្តែងនូវការសប្បាយរីករាយ ក្នុងការប្រើប្រាស់ប្រពន្ធ័ Online Service របស់អគ្គនាយកដ្ឋានពន្ធដារ ជាពិសេសប្រព័ន្ធចាត់ចែង លិខិតប្រកាសបង់ពន្ធប្រចាំខែ និងបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ (Monthly Tax and ToI E-Filing)។

អ្នកបង់ពន្ធ និងអ្នកផ្ដល់សេវាខាងផ្នែកពន្ធដារ សុទ្ធតែបានលើកឡើងពីភាពងាយស្រួល នៃការបង់ពន្ធប្រចាំខែ និងបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ (Monthly Tax and ToI E-Filing) នេះ និងរំពឹងជឿជាក់ថា អគ្គនាយកដ្ឋានពន្ធដារនឹងបន្តអភិវឌ្ឍកម្មវិធីបង់ពន្ធ ឲ្យកាន់តែងាយស្រួលថែមទៀត។

លោក រតនា អ្នកបង់ពន្ធមួយរូបនិយាយថា «ការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង ការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ តាមអនឡាញ (Tax on Income-ToI E-Filing) នេះពិតជាងាយស្រួលមែន។ សូម្បីតែការបញ្ចូលតួលេខមានរូបមន្តចងឲ្យយើងហើយស្រេច នោះពេលយើងបញ្ចូលខុស ឬក៏ត្រូវ គឺប្រាប់យើងស្រេច ហើយសម្រាប់ Pay online យើងអាច Pay សូន្យបានទៀត ដូច្នេះការបង់ពន្ធរឹតតែលឿន ។ យើងធ្វើហើយភ្លាម បញ្ជាក់តួលេខភ្លាម អាចបង់ពន្ធនៅនឹងកន្លែងវាងាយស្រួលទាំងអស់ ដោយមិនបាច់ទៅជួបជាមួយមន្ត្រី ហើយជួនកាលទៅជួបមន្ត្រីហើយនៅខ្វះលិខិត [...] តែនៅពេលយើងធ្វើតាម Online នេះធ្វើរួចដាក់តួលេខតែម្តងអត់ខ្វល់»

អ្នកស្រី រីដា ភ្នាក់ងារពន្ធដារបាននិយាយថា «សម្រាប់ការបង់ពន្ធ លើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ (Tax on Income-ToI E-Filing) សម្រាប់យើងវាមានអារម្មណ៍ថា ងាយច្រើន។ សង្ឃឹមថាឆ្នាំក្រោយ នឹងល្អប្រសើរជាងនេះ។ ពិសេសប៉ាតង់ និងពន្ធផ្សេងៗទៀត»

អ្នកស្រី អាន ម៉េងលាភ បានគាំទ្រនូវលើកឡើងរបស់ភ្នាក់ងារបង់ពន្ធផ្សេងទៀត អំពីការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង ការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូល ប្រចាំឆ្នាំតាម អនឡាញ (Tax on Income-ToI E-Filing) ថាពិតជាមានភាពងាយស្រួល។

អ្នកស្រីបញ្ជាក់ថា «ឆ្នាំនេះយើងដាក់ ToI E-Filing វាស្រួល យើងមិនបាច់ទៅជួបមុខមន្ត្រីពន្ធដារ មិនបាច់ឲ្យមន្ត្រីសួរជីកឬស ជីកគល់យើង យើងខ្ជិលឆ្លើយ។ ពេលខ្លះនៅពេលយកឯកសារទៅដាក់ត្រូវមានលិខិតផ្ទេរសិទ្ធិរញ៉ែរញ៉ៃ ពេលខ្លះអត់បានដាក់...គេមិនខ្ចីទទួលទៀត។ សម្រាប់ខែមីនា ឆ្នាំ២០២១នេះ ការបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ គឺបងប្អូនយើងគេលក់ស្រួល បើឆ្នាំមុនៗវិញគេមិនសូវស្រួលទេ»

លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញនូវក្តីរីករាយជាមួយ អ្នកបង់ពន្ធ និងអ្នកផ្ដល់សេវាផ្នែកពន្ធដារដែលពួកគាត់រីករាយ និងគាំទ្រនូវសេវាពន្ធដារដែលបានដាក់ឱ្យប្រើប្រាស់តាមប្រព័ន្ធអនឡាញនេះ។

លោករដ្ឋមន្ត្រីថា កត្តាដែលរៀបចំឱ្យប្រើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននេះ គឺជាការពង្រឹងនូវផ្នែកអភិបាលកិច្ចល្អ និងតម្លាភាព ឈានទៅរករដ្ឋបាលកិច្ចល្អ។ ដូច្នេះ និរន្តរភាពនៃចំណូល ក៏ដូចជាកំណើនចំណូលនៅបន្តមាន កត្តាសំខាន់ គឺដោយសារការពង្រឹងអភិបាលកិច្ចល្អ។

លោកថា ក្នុងកាលៈទេសៈលំបាក ដែលមានវិបត្តិសេដ្ឋកិច្ចបណ្តាលពីផលប៉ះពាល់របស់ Covid-19 បើមិនមានការរៀបចំនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដោយស្មារតីបុរេសកម្ម និងបានទាន់ពេលវេលាដូចពេលនេះទេ គឺចំណូលប្រហែលជាលំបាក ក្នុងការគ្រប់គ្រង និងប្រមូលចំណូលពន្ធ។

នេះជាការវិវត្តថ្មីមួយ សម្រាប់រូបលោកនឹងបន្តការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ឲ្យស្របតាមតម្រូវការអ្នកប្រើប្រាស់ (User Experiences and User Friendly) ដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី តែងតែបានលើក និងណែនាំឲ្យមន្ត្រីរាជការដូចជាថ្នាក់ដឹកនាំ នៅក្នុងរាជរដ្ឋាភិបាលពង្រឹងសេវាដល់ប្រជាជន និងអ្នកបង់ពន្ធឲ្យកាន់តែប្រសើរឡើង ធ្វើយ៉ាងណាឲ្យងាយស្រួលក្នុងការបង់ពន្ធ។

លោករដ្ឋមន្ត្រី លើកឡើងយ៉ាងដូច្នេះថា «ខ្ញុំបាទនឹងបន្តការខិតខំប្រឹងប្រែង អភិវឌ្ឍនៅកម្មវិធីបច្ចេកវិទ្យាព័ត៌មាន IT ថែមទៀត ដើម្បីឲ្យសេវាបង់ពន្ធកាន់តែប្រសើរឡើងជាលំដាប់»

លោកបានបញ្ជាក់ថា ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ អគ្គនាយកដ្ឋានពន្ធដារ បានប្រកាន់ខ្ជាប់ខ្ជួននូវគោលការណ៍ រាជរដ្ឋាភិបាលក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ដោយកាត់បន្ថយវត្តមានមន្ត្រី៩០ភាគរយ និងមានរៀបចំមន្ត្រីឆ្លាស់វេនគ្នាបំពេញការងារ និងបានចាត់ឲ្យមានការបំពេញការងារពីផ្ទះ ទាំងយប់ទាំងថ្ងៃ ដើម្បីធានាបាននូវនិរន្តរភាពការងារ គ្រប់គ្រងប្រមូលចំណូលពន្ធជូនរដ្ឋ និងការផ្តល់សេវាជូនអ្នកជាប់ពន្ធ៕