(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ បានចុះពិនិត្យមើលយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់បុគ្គលិក មន្ត្រីរាជការក្រោមឱវាទរបស់ក្រសួងការងារ ដោយបានអំពាវនាវដល់បុគ្គលិក មន្ត្រីរាជការនៃក្រសួងការងារ ព្រមទាំងកម្មករនិយោជិតចូលរួមចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ តាមគោលការណ៍ស្ម័គ្រចិត្តឱ្យបានគ្រប់គ្នា។
លោក អ៉ិត សំហេង បានលើកឡើងថា វ៉ាក់សាំងកូវីដ-១៩ ជាឧបករណ៍ថ្មីមួយបន្ថែមលើវិធានការសុខាភិបាលដែលមានស្រាប់ សម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងសង្រ្គោះជីវិតមនុស្សដែលជួយបុគ្គលមិនឲ្យឈឺធ្ងន់ធ្ងរនៅពេលឆ្លងជំងឺកូវីដ-១៩ និងកាត់បន្ថយការព្យាបាលនៅមន្ទីរពេទ្យ។
វ៉ាក់សាំងកូវីដ-១៩ ដែលកំពុងប្រើប្រាស់នៅកម្ពុជា ជាវ៉ាក់សាំងដែលបានធ្វើតេស្តពីសុវត្ថិភាព និងប្រសិទ្ធភាពម៉ត់ចត់ និងកំពុងប្រើប្រាស់នៅតាមបណ្តាប្រទេសនានាក្នុងតំបន់ និងក្នុងពិភពលោក ដែលបណ្តាប្រទេសមួយចំនួន បាននិងកំពុងដំណើរការចាក់បានរាប់សិបលាននាក់ទៅហើយ។
លោកលើកឡើងបន្តថា ការទទួលចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត ដើម្បីការពារខ្លួនអ្នក ការពារក្រុមគ្រួសារអ្នក និងការពារសហគមន៍ ដើម្បីកុំឲ្យវីរុសកូវីដ-១៩ វាយលុកចូលទៅក្នុងខ្លួន ចូលទៅក្នុងផ្ទះ និងចូលក្នុងសង្គម ដែលធ្វើឲ្យមានមហន្តរាយសុខភាពសាធារណៈ ក៏ដូចជាមានការប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិរបស់យើងផងដែរ។
ជាមួយគ្នានេះដែរ ទោះបីជាបុគ្គលម្នាក់ៗបានទទួលវ៉ាក់សាំងរួចហើយក្តី ក៏ត្រូវចងចាំថា ត្រូវតែបន្តចូលរួមត្រួតពិនិត្យ និងការពារហានិភ័យនៃការចម្លងនៃជំងឺកូវីដ-១៩ កាត់បន្ថយលើផលប៉ះពាល់លើសេដ្ឋកិច្ច និងសង្គម ដោយបន្តអនុវត្តវិធានការ ៣កុំ និង ៣ការពារ ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងសហគមន៍នៅក្នុងប្រទេសកម្ពុជា ដែលជាការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សូមជម្រាបថា សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់តាំងឲ្យគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ សហការជាមួយក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បើកយុទ្ធនាការចាក់វ៉ាក់សាំងជាលក្ខណៈទ្រុងទ្រោយធំទូទាំងប្រទេស។
នៅក្នុងយុទ្ធនាការនេះ ក្រុមការងាររបស់ក្រសួងសុខាភិបាល បានត្រៀមចាក់វ៉ាក់សាំងដល់ក្រុមអាទិភាពជាង ៧៤ ម៉ឺននាក់ សម្រាប់ដូសទី១ នៃវ៉ាក់សាំងស៊ីណូវ៉ាក់ ដោយចាប់ផ្ដើមនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១។ ដោយឡែក សម្រាប់បុគ្គលិក មន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ បានត្រៀមខ្លួនរួចជាស្រាច់ក្នុងការទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលរៀបចំធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផ្ទាល់តែម្តង។
យុទ្ធនាការចាក់វ៉ាក់សាំងនេះ រៀបចំឡើងដោយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សហការជាមួយអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងគោលបំណងដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕