(ភ្នំពេញ)៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលស្រង់ចេញពីនាវាចម្បាំងលិច នៅខេត្តកំពង់ចាម កាលពីសម័យសង្គ្រាមចំនួន១.៦តោន ត្រូវបានកម្លាំងជំនាញដុតកម្ទេចចោល។ នេះបើតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក អៀម វណ្ណ អនុប្រធានក្រុមការងារកងបោសសម្អាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្រោមទឹក ដែលអង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ។
ពិធីដុតកម្ទេចគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ១.៦តោននេះ ធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ផល សាមន អគ្គនាយករង មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ដោយមានការចូលរួមពីសំណាក់ក្រុមការងារមួយចំនួន។ ទីតាំងដុតកម្ទេចចោលស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
បើតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក អៀម វណ្ណ បានឱ្យដឹងថា តាមផែនការ ក្រុមការងារធ្វើការដោះបន្សាបចំនួន៩០% នៃគ្រាប់ដែលមានទ្រង់ទ្រាយល្អ មានសុវត្ថិភាព សម្រាប់ទុកដាក់តាំងក្នុងសារមន្ទីរ និងធ្វើការកម្ទេចចោលចំនួន១០% នៃគ្រាប់ដែលខូចទ្រង់ទ្រាយ ពុកផុយ មិនអាចធ្វើការដោះបន្សាបបាន។
លោកវរសេនីយ៍ឯក អៀម វណ្ណ បានបន្តថា គ្រាប់ខូចគុណភាពចំនួន១០% នឹងត្រូវធ្វើការកម្ទេចចោលចាប់ផ្តើមពីថ្ងៃទី៣១ ដល់ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២១ (រយៈពេល៨ថ្ងៃ) នៅចំណុចនិយាមការលេខ 057300E 1305215N ស្ថិតក្នុងភូមិសាស្ត្រ ភូមិពោធិ៍ ឃុំស្វាយពោធិ៍ ស្រុកស្វីសន្ធរ ខេត្តកំពង់ចាម ម៉ោងបំផ្ទុះនៅចន្លោះម៉ោង១០៖៣០នាទី ដល់ម៉ោង១១៖៣០នាទី។ ដោយឡែកចំនួនគ្រាប់៩០% ដែលមានទ្រង់ទ្រាយល្អ មានសុវត្ថិភាព និងត្រូវធ្វើការដោះបន្សាបចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ រយៈពេល (៤៣ថ្ងៃ) ដើម្បីបញ្ចប់ផែនការសម្រាប់ទុកដាក់តាំង ក្នុងសារមន្ទីរ។ ទីតាំងដោះបន្សាប នៅទីបញ្ជាការ Golden west ខេត្តកំពង់ឆ្នាំង និងនៅទីបញ្ជាការកងសុនខ ហិតមីន។
សូមបញ្ជាក់ថា នាវាម៉ារីនដែលលិចក្នុងកំលុងសង្គ្រាមស៊ីវិលនៅកម្ពុជា កាលពីទសវត្សឆ្នាំ១៩៧២នេះ បានលិចកប់ក្នុងបាតទន្លេមានជម្រៅរហូតដល់ ២៧,៥ម៉ែត្រ ព្រមទាំងគ្រប់ដណ្តប់ដោយដីខ្សាច់នៅលើយ៉ាងច្រើនផងដែរ។ ត្រង់ចំណុចនេះ ធ្វើឱ្យក្រុមការងារជំនាញជួបការលំបាកក្នុងការប្រមូលគ្រាប់យុទ្ធភ័ណ្ឌដែលបានរសាត់រាយប៉ោយ នៅជុំវិញនាវាចម្បាំងជាដើម។
ប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបានកប់នៅក្រោមផ្ទៃទឹក នៅចំណុចនេះ គឺជាស្នាដៃប្រវត្តិសាស្ត្រមិនធ្លាប់មានកន្លងមកសម្រាប់កម្ពុជា ចំពោះប្រតិបត្តិការនេះ ក៏បានបង្ហាញថាកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់មិនត្រឹមតែបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅលើដីគោកនោះទេ ដូច្នេះវា ជាមោទនភាពមួយទៀតសម្រាប់ប្រជាជាតិកម្ពុជា។
ស្ថានភាពនាវាចម្បាំងលិចក្នុងទន្លេចខាងលើនេះ គឺមានសភាពចាស់ទ្រុឌទ្រោមខ្លាំង និងមានស្នាមធ្លុះធ្លាយជាច្រើនកន្លែងដោយការបាញ់ពន្លិច ក្នុងពេលប្រយុទ្ធគ្នា។ តាមការគ្រោងទុកនៅសប្តាហ៍ទី១ ខែមេសា ឆ្នាំ២០២១ នឹងបញ្ចប់ទាំងស្រុងដោយស្រង់នាវាមកលើគោកតែម្តង៕