(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ដោយអនុវត្ដតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ក្រសួងនឹងពង្រីកមន្ទីរពិសោធន៍រកមេរោគកូវីដ១៩បន្ថែមទៀតនៅទូទាំងប្រទេស។

លោករដ្ឋមន្រ្តី បានបញ្ជាក់ថា «នៅខែមេសានេះ យើងបានពង្រីកនៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាមមួយកន្លែងទៀត ដោយក្នុងមួយថ្ងៃ អាចតេស្ដរកមេរោគកូវីដ១៩ ប្រមាណ ១៣០០សំណាក និងដាក់ដំណើរការម៉ាស៊ីនតេស្ដរកមេរោគកូវីដ ធំៗចំនួន២បន្ថែមទៀត នៅវិទ្យាស្ថានសុខភាពសាធារណៈ ក្រៅពីនោះក៏មាននៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីចែករំលែកវត្ថុសំណាកធ្វើឱ្យបានរហ័ស ក្នុងការឆ្លើយតប ទៅនឹងតម្រូវការនៃមូលដ្ឋានសុខាភិបាលយើង»។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា «កាលណាយកសំណាកមកធ្វើតេស្ដបានរហ័ស គឺរកអ្នកជំងឺបានរហ័ស ហើយយកមកព្យាបាលកាន់តែរហ័ស និងអាចដឹងអ្នកជាបានរហ័សផងដែរ។ ដូច្នេះយើងបានពង្រីកមន្ទីរពិសោធន៍ជាបន្ទាប់មកទៀត ក្នុងនោះមាននៅខេត្ដព្រះសីហនុ នឹងដាក់ដំណើរការនៅដើមខែមេសានេះ, នៅខេត្ដសៀមរាប និងបន្ទាយមានជ័យ ដែលម៉ាស៊ីនជំនួយពីប្រទេសថៃ»

សម្រាប់មន្ទីរពិសោធន៍នៅរាជធានីភ្នំពេញ មាននៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដោយម៉ាស៊ីនធំ មានសមត្ថភាពពិនិត្យសំណាករហូតដល់ទៅ ៤ពាន់សំណាកក្នុងមួយថ្ងៃ និងម៉ាស៊ីនតូចៗមួយចំនួនទៀតកំពុងដាក់ដំណើរការ។ នៅវិទ្យាស្ថានសុខភាពសាធារណៈ មានម៉ាស៊ីនធំចំនួន ២គ្រឿង ដែលម៉ាស៊ីនធំកំពុងរៀបចំដំណើរ និងម៉ាស៊ីនតូចមួយចំនួនទៀត អាចតេស្ដរកមេរោគកូវីដ១៩ បានប្រមាណ៤ពាន់សំណាក។ លើសពីនោះ នៅថ្ងៃទី១៩ មេសា ខាងមុខនេះ នឹងមានម៉ាស៊ីនបំពាក់បន្ថែមទៀត នៅវិទ្យាស្ថានសុខភាពសាធារណៈ និងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម។

រដ្ឋមន្ដ្រីបញ្ជាក់បន្ថែមថា សម្រាប់នៅតាមខេត្ដផ្សេងផ្សេងទៀត មានដូចជា នៅមន្ទីរពេទ្យខេត្ដព្រះសីហនុ, មន្ទីរពេទ្យខេត្ដសៀមរាប, មន្ទីរពេទ្យបាត់ដំបង ដែលនឹងធ្វើរួចរាល់ជាស្ថានពរនៅក្រោយចូលឆ្នាំខ្មែរនេះ ដូច្នេះម៉ាស៊ីនទាំង៣នេះ នឹងដំណើរការជាបន្ដបន្ទាប់។ ម៉ាស៊ីនមួយទៀត ដែលជួយដោយប្រទេសថៃ នឹងតំឡើងនៅទីក្រុងប៉ោយប៉ែត ដូចនេះនៅទីនោះក៏អាចជួយពិនិត្យសំណាក មកពីបាត់ដំបង បន្ទាប់មានជ័យផងដែរ ដោយមិនបាច់បញ្ជូនសំណាកមករាជធានីភ្នំពេញនោះទេ។ លើសពីនោះ ក្រសួងសនឹងបំរុងដាក់ម៉ាស៊ីនតូចៗនៅតាមតំបន់នីមួយៗបន្ថែមទៀត ដូចជា នៅខេត្ដស្វាយរៀង កំពង់ចាម និងកំពង់ធំ។

ជាសរុប ម៉ាស៊ីនតេស្ដរកមេរោគកូវីដ១៩ ធំៗនៅរាជធានីភ្នំពេញ មានចំនួន៤ទីតាំង គឺនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា, វិទ្យាស្ថានសុខភាពសាធារណៈមានចំនួន២, មជ្ឈមណ្ឌលជាតិផ្ដល់ឈាមមួយគ្រឿង ដែលម៉ាស៊ីនទាំងនេះ អាចពិនិត្យបានជិត១ម៉ឺនសំណាកក្នុងមួយថ្ងៃ។ ដោយឡែកមាននៅមន្ទីរពេទ្យព្រះកេតុមាលា ដែលគ្រប់គ្រងដោយមន្ទីរពេទ្យនេះដោយផ្ទាល់តែម្ដង បានសហការជាមួយក្រសួងសុខាភិបាល ជួយពិនិត្យសំណាករកមេរោគកូវីដ១៩ ដែលដឹកជញ្ជូនមកតាមព្រំដែនប្រទេសវៀតណាមជាដើមកន្លងមកនេះ៕