(ភ្នំពេញ)៖ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានថ្លែងប្រាប់ Fresh News នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦នេះថា លោកបានបញ្ចប់ការសាកសួរ មន្រ្តីយោធាដែលរងការចោទពីបទ បាញ់ប្រហារទៅលើអ្នកបុរសម្នាក់ ជូនទៅអង្គភាពសាម៉ី របស់គេហើយ ដើម្បីយកទៅដាក់ទោសបន្តទៀតតាមច្បាប់ នៃកងកម្លាំងប្រដាប់អាវុធ។
លោក សៀង សុខ បានបញ្ជាក់ថា «ក្រោយពីពិនិត្យឯកសារអង្គភាពផ្ទៀងផ្ទាត់ការបញ្ជាក់សាម៉ីអង្គភាព ខ្ញុំយល់ថា ជាអំពើបាញ់បោះសេរី (គ្មានបទបញ្ជា) គប្បីដាក់វិន័យក្នុងអង្គភាពសាម៉ី។ ហើយត្រូវបានប្រធានអង្គភាព មកយកទៅវិន័យក្នុងន័យ កងកំលាំងហើយ»។
សូមបញ្ជាក់ថា កម្លាំងកងរាជអាវុធរាជធានីភ្នំពេញ បានបញ្ចូនជនសង្ស័យ ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច ហើយឈានដល់ការផ្ទុះអាវុធចំនួនមួយគ្រាប់ ដែលប្រព្រឹត្តដោយមន្ត្រីយោធាស័ក្តិ៤ម្នាក់ ទៅលើអ្នករត់ម៉ូតូឌុប ទៅតុលាការដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍និងបណ្តាលអោយផ្ទុះអាវុធនេះបានកើតឡើងនៅម៉ោង ៨៖៤០នាទីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតតាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
បុរសជាជនរងគ្រោះមានឈ្មោះ រៀម ឃួន អាយុ២៦ឆ្នាំ ជិះម៉ូតូម៉ាកវីវ៉ាពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1I-2354 ស្ថិតតាមបណ្តោយ ផ្លូវ២៧១ ក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។ ចំណែកឯជនសង្ស័យដែលជាមន្ត្រីយោធាឈ្មោះ អ៊ុង គីមហេង អាយុ៣១ឆ្នាំ ជិះរថយន្ត Lexus RX330 ពណ៌ស្ករ ពាក់ស្លាកលេខខេមរៈភូមិន្ទ 02 2-6882។
មុនពេលកើតហេតុ រថយន្តនិងម៉ូតូ បានប៉ះទង្គិចគ្នា ស្រាប់តែម្ចាស់រថយន្ត បានដកកាំភ្លើងបាញ់មួយគ្រាប់ទៅលើបុរសរត់ម៉ូតូ តែមិនត្រូវ។ ក្រោយបាញ់ប្រហារហើយ ម្ចាស់រថយន្តបានបើករថយន្តគេចខ្លួន រហូតបង្កឲ្យមានការភ្ញាក់ផ្អើល ហើយក៏មាន ប្រជាពលរដ្ឋ ជាច្រើននាក់ បើកម៉ូតូដេញតាមរហូតយកដុំថ្ម គប់ទៅលើរថយន្តបង្ក បណ្តាលឲ្យបែកកញ្ចក់ទៀតផង៕