(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានទទូចឱ្យរដ្ឋសភាអនុញ្ញាតឱ្យមានការស៊ើបអង្កេតទៅលើរឿងអាស្រូវ ដែលផ្ទុះឡើងចំពោះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ដែលជាសមាជិកនៃរដ្ឋសភា។
រឿងអាស្រូវរបស់លោក កឹម សុខា នាពេលនេះ គឺជាការបែកធ្លាយសម្លេងសាងសងស្នេហា ការណាត់នារីវ័យក្មេងម្នាក់ ដែលគេអះអាងថា មានឈ្មោះក្រៅ «ស្រីមុំ» ទៅដើរលេងនៅក្រៅប្រទេស ព្រមទាំងមានការផ្តល់លុយតាមរយៈសម្លេងខ្សែអាត់នោះផងដែរ។ សម្លេងនេះដំបូងឡើយត្រូវបានបែកធ្លាយនៅលើ Facebook មួយឈ្មោះស្រីមុំ ហើយត្រូវបានសារព័ត៌មាននានាយកទៅចុះផ្សាយ ជាបន្តបន្ទាប់ប្រៀបបីដូចជា វីដេអូភាគយ៉ាងជក់ចិត្ត។
យ៉ាងណាក៏ដោយ បន្ទាប់ពីផ្ទុះចេញនូវរឿងអាស្រូវនេះ សារព័ត៌មាននានាមិនទាន់អាចរកប្រតិកម្មពីលោក កឹម សុខា បាននៅឡើយទេ ហើយមន្រ្តីគណបក្សសង្រ្គោះជាតិមួយចំនួន បែរជាមិនចាប់អារម្មណ៍ មិនឆ្លើយតបចំពោះដំណឹងនេះទៅវិញ។
ក្នុងនាមអ្នកនយោបាយមួយរូប លោក សួន សេរីរដ្ឋា បានសរសេរនៅលើទំព័រ Facebook ថា ការស្ងប់ស្ងាត់នេះគឺដើម្បីគេចវេសមិនបកស្រាយ។ លោកថា ទាំងរាជរដ្ឋាភិបាល ទាំងរដ្ឋសភា មិនគួរនៅស្ងៀមនោះទេ ដោយសារតែ លោក កឹម សុខា គឺជាតំណាងរាស្រ្តម្នាក់ដែល ពាក់ព័ន្ធក្នុងរឿងអាស្រូវនេះ។
លោក សួន សេរីរដ្ឋា ថា «ករណីរឿងអាស្រូវស្រីញីរបស់លោក កឹម សុខា បើទោះបីជាសាម៉ីខ្លួន ព្យាយាមរក្សាភាពស្ងប់ស្ងាត់ដើម្បីគេចវេស មិនបកស្រាយក៏សមត្ថកិច្ចរដ្ឋាភិបាល និងរដ្ឋសភា មិនគួរនៅស្ងៀមដែរពីព្រោះលោក កឹម សុខា ជាអតីតៈថ្នាក់ដឹកនាំស្ថាប័នសភាជាតិ មានឋានៈជា(អតីត)អនុប្រធានសភា ហើយច្ចប្បន្នជាអ្នកដឹកនាំក្រុមភាគតិចសភាផង ជាប្រធានស្តីទីគណបក្សនយោបាយ ដែលមានសំឡេងក្នុងសភាផង ។ ដូចនេះ ក្រសួងមហាផ្ទៃ និងរដ្ឋសភា មិនគួរទុករឿងអាស្រូវស្រីញីរបស់ ថ្នាក់ដឹកនាំ និងជាអ្នកនយោបាយជាន់ខ្ពស់ អតីតៈអនុប្រធានសភាម្នាក់ចោល ដោយមិនស៊ើបអង្កេតរកការពិតមកបង្ហាញប្រាប់ពលរដ្ឋឲ្យបានដឹង ហើយទុកឲ្យពលរដ្ឋជជែកឈ្លោះប្រកែកគ្នា បែកបាក់សាមគ្គីគ្នា ដោយសាតែអំពើថោកទាបរបស់អ្នកដឹកនាំនយោបាយឡើយ» ។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានបដិសេធមិនឆ្លើយតបចំពោះសំណើរបស់លោក សួន សេរីរដ្ឋា។ លោកអះអាងថា បើសិនជាមានលិខិតជាផ្លូវការនោះ លោកនឹងយកទៅជូនប្រធានរដ្ឋសភា សម្តេច ហេង សំរិន ដើម្បីពិចារណា។ លោកថា ចំពោះរឿងអាស្រូវរបស់លោក កឹម សុខា បើករណីនេះពិតមែននោះ លោក កឹម សុខា អាចប្រឈមនឹងការបាត់បង់អ្នកគាំទ្រ ជាជាងរងនូវវិធានការផ្លូវច្បាប់៕