(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដឹកនាំប្រជុំស្ដីពី «វិធានការធានាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ» ដោយមានការចូលរួមពីថ្នាក់អគ្គស្នងការរងទាំងអស់ លោកប្រធាននាយកដ្ឋាន អង្គភាពពាក់ព័ន្ធ និងស្នងការនគរបាលរាជធានី-ខេត្ត។
បន្ទាប់ពីការអានខ្លឹមសារលម្អិតនៃសេចក្តីណែនាំស្តីពី វិធានការធានាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដោយលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិរួចមក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់ចេញនូវគោលការណ៍រួម ដូចខាងក្រោម៖
*ទី១៖ គ្រប់នាយកដ្ឋាន អង្គភាពចំណុះ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវប្រកាសចំណុចខ្ពស់ ពង្រឹងវិធានការសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ពិសេសនៅតាមគោលដៅអាទិភាព វត្តអារាម រមណីយដ្ឋាន និងទីតាំងកន្លែងកម្សាន្តសប្បាយនានា ដោយត្រូវមានផែនការចាត់តាំងអនុវត្តច្បាស់លាស់។
*ទី២៖ គ្រប់នាយកដ្ឋាន អង្គភាព ត្រូវមានកម្មវិធីការងារជាក់ស្ដែងដូចខាងក្រោម៖
ក៖ ធ្វើការប្ដូរវេនប្រចាំការ ២៤/២៤ម៉ោង ដើម្បីធានានិរន្តរភាពការងារ
ខ៖ ត្រូវពង្រឹងក្រុមប្រចាំបញ្ជា ទាំងនៅតាមនាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដើម្បីទទួលសំណូមពររបស់មហាជន និងត្រូវត្រៀមកម្លាំង មធ្យោបាយ ឧបករណ៍ សម្ភារៈ ដើម្បីអន្តរាគមន៍ដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានទាន់សភាពការណ៍។
*ទី៣៖ ក្រើនរំលឹកដាស់តឿនដល់គ្រប់នាយកដ្ឋាន អង្គភាព ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ឲ្យអប់រំណែនាំមន្ត្រីក្រោមឱវាទ អំពីការអនុវត្តវិធានសុខាភិបាល ពិសេសអនុសាសន៍ដឹកនាំរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី «៣ការពារ និង៣កុំ» ដើម្បីថែរក្សាសុខភាពផ្ទាល់ខ្លួន ព្រមទាំងក្រុមគ្រួសារ និងត្រូវធ្វើជាគំរូដល់សាធារណជន៕