(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានដាក់ឲ្យដំណើរការអនុស្ថានីយអគ្គិសនីពោធិ៍ចិនតុង ក៏ដូចជាខ្សែបញ្ជូនអគ្គិសនីអាកាស និងខ្សែកប់ដី ដែលមានកម្រិតតង់ស្យុងខ្ពស់ដល់ទៅ ១១៥ គីឡូវ៉ុល ចាប់ពីអនុស្ថានីយអគ្គិសនីទី៣ ស្ថិតនៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ទៅកាន់អនុស្ថានីយអគ្គិសនីពោធិ៍ចិនតុង ស្ថិតនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដើម្បីផ្គត់ផ្គង់អគ្គិសនីជូនប្រជាពលរដ្ឋនៅខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ និងមួយផ្នែកនៃខណ្ឌសែនសុខ។

លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា បានប្រាប់អង្គភាពព័ត៌មាន Fresh News នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ នេះថា អគ្គិសនីកម្ពុជាបានបញ្ចប់ការសាងសង់ និងបានដាក់ឲ្យដំណើរការអនុស្ថានីយអគ្គិសនីតង់ស្យុងខ្ពស់ ១១៥/២២ គីឡូវ៉ុល កម្លាំង ៧៥ មេហ្កាវ៉ុលអាំពែរ ដែលមានទីតាំងស្ថិតក្នុងបរិវេណបញ្ជាការដ្ឋានការពារអាកាស និងខ្សែបញ្ជូនអគ្គិសនីអាកាស និងកប់ដីតង់ស្យុងខ្ពស់ ១១៥ គីឡូវ៉ុល បែកខ្នែងចេញពីផ្លូវ Northbridge ប្រវែងប្រមាណ ២ គីឡូមែត្រ។

លោកបានបន្តថា អនុស្ថានីយថ្មីនេះបានដាក់ឲ្យដំណើរការនៅដើមរដូវប្រាំងខាងមុខនេះ ដែលជាពេលវេលាដ៏ល្អសមស្របមួយ ដើម្បីផ្គត់ផ្គង់បន្ទុកប្រើប្រាស់ដែលកំពុងកើនឡើងខ្លាំងក្នុងតំបន់នេះ ព្រមទាំងជួយសម្រាលការប្រើប្រាស់ចេញពីអនុស្ថានីយជុំវិញ ដែលកំពុងលើសបន្ទុក និងបង្កើនប្រសិទ្ធភាពនៃការផ្គត់ផ្គង់ជូនរាជធានីភ្នំពេញផងដែរ។

អនុស្ថានីយនេះដែរ ស្ថិតក្នុងតំបន់ដែលកំពុងមានសកម្មភាពអភិវឌ្ឍន៍រីកដុះដាលច្រើនរបស់ប្រជាពលរដ្ឋ ក៏ដូចជាអគារពាណិជ្ជកម្មប៊ូយ៉ុងថោន អគារអ៊ែតវូត អគារពាណិជ្ជកម្ម ផ្សារទំនើប ជាពិសេសសម្រាប់ត្រៀមបំពេញតម្រូវការប្រើប្រាស់របស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលនឹងត្រលប់មកដំណើរការជាប្រក្រតីឡើងវិញ បន្ទាប់ពីស្ថានភាពរាតត្បាតនៃជំងឺកូវីដ១៩ បានធូរស្រាល។

លោក កែវ រតនៈ បានបញ្ជាក់បន្ថែមថា ទីតាំងដីអនុស្ថានីយនេះជាអំណោយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានអារកាត់ផ្ទេរឲ្យមកអគ្គិសនីកម្ពុជា ដែលជាក្រុមហ៊ុនរបស់រដ្ឋនូវទំហំដី ៣,៣៧៥ ម៉ែត្រការ៉េ សម្រាប់ការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធអគ្គិសនីដ៏សំខាន់នេះ។ ជាមួយគ្នានេះ ថវិកាសម្រាប់ការសាងសង់អនុស្ថានីយ ក៏បានពីកំចីឥណទានសម្បទានរបស់រាជរដ្ឋាភិបាលផងដែរ សម្រាប់គម្រោងពង្រីកខ្សែបញ្ជូន និងចែកចាយចាប់ពីឆ្នាំ២០២០-២០២១។

សូមជម្រាបថា បច្ចុប្បន្នអនុស្ថានីយថ្មីនេះមានបំពាក់ត្រង់ស្វូម៉ាទ័រកម្លាំង ៧៥ មេហ្កាវ៉ុលអាំពែរ និងនៅថ្ងៃអនាគត អគ្គិសនីកម្ពុជានឹងបន្ថែមត្រង់ស្វូម៉ាទ័រ ៧៥ មេហ្កាវ៉ុលអាំពែរ មួយទៀត ដើម្បីឲ្យមានកម្លាំងសរុបដល់ ១៥០ មេហ្កាវ៉ុលអាំពែរ ដើម្បីធានាវិសាលភាពនៃការផ្គត់ផ្គង់ផង និងបង្កើនស្ថិរភាព និងគុណភាពអគ្គិសនីជូនដល់ប្រជាពលរដ្ឋផងដែរ៕