(កណ្តាល)៖ កម្លាំងនគរបាលខេត្តកណ្តាល បានបើកប្រតិបត្តិការបង្ក្រាប ក្រុមចោរប្លន់២នាក់ រហូតបាញ់តដៃគ្នា ជិត៣០គ្រាប់ នៅល្ងាចថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅក្បែរវត្តដំរីស ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល។ ក្រោយបញ្ចប់ប្រតិបត្តិការនេះ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ចាប់ខ្លួន ខណ:៣នាក់ កំពុងរត់ពីការតាមចាប់របស់សមត្ថកិច្ច។
ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ អ៊ាវ ចំរើន បានបញ្ជាក់ថា ក្រុមចោរដែលមានគ្នីគ្នា យ៉ាងហោច៣នាក់ ប្រដាប់ដោយអាវុធវែងខ្លី បានត្រៀមចូលប្លន់ផ្ទះគ្រូបង្រៀនម្នាក់ដែល ជាមនុស្សមានជីវភាពធូធារ។ លោកថា ប្រតិបត្តិការបង្ក្រាបនេះ គឺក្រោមការបញ្ជាផ្ទាល់របស់នាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ឆាយ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ។
លោកស្នងការបានបញ្ជាក់ថា «ការបាញ់តទល់គ្នានាល្ងាចមិញនេះ បានធ្វើអោយជនសង្ស័យចោរប្លន់ម្នាក់ ត្រូវរបួសចំចង្កេះ និងជនសង្ស័យចោរប្លន់ម្នាក់ទៀត ត្រូវសមត្ថកិច្ចបានចាប់ខ្លួននៅនឹងកន្លែងចំណែកម្នាក់ទៀត បានរត់ឡើងឡានដោយមានក្រុមចោរ ជាបក្ខពួកបានបាញ់រំដោះខ្លួនរត់តាមផ្លូវ៦អា ហើយការបាញ់តទល់គ្នានេះ មិនបានប៉ះពាល់ដល់ជីវិតអ្នកភូមិ ឬកម្លាំងនគរបាល ឡើយ»។
សេចក្តីរាយការណ៍បានអោយដឹងថា សមត្ថកិច្ចបានដកហូតអាវុធពួកចោរប្លន់ទាំង២នាក់ច្រើនដើម និងបានបញ្ជូនទៅស្នងការដ្ឋាន ខេត្តដើម្បីចាត់ការតាមនិតិវិធី។ សមត្ថកិច្ចបានអោយដឹងថា ក្រុមចោរទាំងនេះ គឺជាមុខសញ្ញាប្លន់ចំនួន៣ខេត្ត ដែលគេបានតាមដាន ជាយូរមកហើយ ទំរាំបានធ្លាក់ចូលស៊ងហ៊ុព័ទ្ធរបស់សមត្ថកិច្ចនាពេលនេះ។ ការបង្ក្រាបនេះ គឺជាការបង្ក្រាបលើកទី៣ ហើយក្នុងខេត្តកណ្តាល ចាប់ពីដើមឆ្នាំ២០១៦នេះមក។ ក្នុងករណីបង្ក្រាបលើកទី១ នៅក្នុងស្រុកខ្សាច់កណ្តាលដដែលនេះផងដែរ និងការបង្ក្រាបលើកទី២ក្នុងស្រុកពញាលឺ សមត្ថ កិច្ច បានចាប់ខ្លួនក្រុមចោរប្លន់ទាំងនេះ បានចំនួន៥នាក់។
របាយការណ៍របស់នគរបាលខេត្តកណ្តាល បាមបញ្ជាក់ថា ជនសង្ស័យទាំង៥នាក់រួមមាន ១.ឈ្មោះ ហ៉ីង នី ហៅ ប៉េន ហៅ មមីស (មេក្លោង),២.ឈ្មោះ កីឡាករ, ៣.ឈ្មោះ ក្រៃថោង, ៤.ឈ្មោះ វីណា, ៥.ឈ្មោះ ម្នាក់ទៀតមិនស្គាល់ឈ្មោះ។
បច្ចុប្បន្ន ជនង្ស័យទាំង២នាក់ត្រូបានសមត្ថកិច្ច កំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី៕