(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ ក្នុងរបាយការណ៍ដែលដាក់ជូនឱ្យរដ្ឋសភា ក្រសួងការបរទេសអាមេរិកបានអះអាងថា តំបន់ហុងកុងលែងមានការគ្រប់គ្រងដោយស្វយ័តទៀតហើយ ដូច្នេះមិនត្រូវទទួលអនុគ្រោះពិសេសពីសហរដ្ឋអាមេរិកទៀតទេ។

ជាការច្បាស់លាស់ណាស់ រដ្ឋាភិបាលអាមេរិកអាណត្តិថ្មី បានបន្តវេននូវអាកប្បកិរិយាទៅលើ គោលនយោបាយចំពោះតំបន់ហុងកុង នៃរដ្ឋាភិបាល លោក ត្រាំ។ ទង្វើនេះបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ចិនយ៉ាងកម្រោល ភាគីចិនសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងប្រឆាំងជាដាច់ខាតចំពោះការនេះ។

គោលបំណងរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន ធ្វើវិសោធនកម្មឧបសម័្ពន្ធទីមួយនិងទីពីរ នៃច្បាប់មូលដ្ឋានតំបន់រដ្ឋបាលពិសេសហុងកុង គឺដើម្បីធ្វើឱ្យវិធីបោះឆ្នោតនៃតំបន់ហុងកុងមានសុក្រឹត្យភាព និងធ្វើឱ្យអ្នកជ្រុលនិយម ដែលប្រឆាំងរដ្ឋាភិបាលមជ្ឈិមចិន និងបង្កចលាចលនៅតំបន់ហុងកុង ស្ថិតនៅខាងក្រៅប្រព័ន្ធគ្រប់គ្រងនៃតំបន់ហុងកុង ប៉ុន្តែសភាតំណាងប្រជាជនចិន មិនបានធ្វើវិសោធនកម្មអ្វី ចំពោះច្បាប់មូលដ្ឋានតំបន់ហុងកុងនោះទេ ដូច្នេះគោលការណ៍មូលដ្ឋានដូចជា «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» «អ្នកក្រុងហុងកុងគ្រប់គ្រងហុងកុង» និង «ភាពស្វ័យតកម្រិតខ្ពស់» សុទ្ធតែទទួលបានការប្រកាន់ខ្ជាប់។

ពីការអនុវត្តច្បាប់សន្តិសុខជាតិនៃតំបន់ហុងកុង ដល់ការធ្វើឱ្យប្រព័ន្ធបោះឆ្នោតនៃតំបន់ហុងកុងមានសុក្រឹត្យភាព រដ្ឋាភិបាលមជ្ឈិមចិនធ្វើបែបនេះគឺ ដើម្បីគាំពារសន្តិសុខជាតិ រក្សាស្ថិរភាពផ្នែកនយោបាយនៃតំបន់រដ្ឋបាលពិសេសហុងកុង ក្នុងន័យឱ្យរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេស អាចប្រមូលកម្លាំងកាយចិត្តសំខាន់ កែលម្អជីវភាពរស់នៅរបស់ប្រជាជន និងអភិវឌ្ឍន៍សេដ្ឋកិច្ច ក៏ដូចជាធ្វើឱ្យតំបន់ហុងកុង មានភាពស្វ័យតកម្រិតខ្ពស់កាន់តែល្អប្រសើរ។

និយាយជារួម មនុស្សមួយចំនួនរបស់ភាគីអាមេរិក នៅតែប៉ុនប៉ងទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន ដោយយកហុងកុងធ្វើជាខែល។ ប៉ុន្តែការប៉ុនប៉ងបែបនេះពិតជានឹងអត់ប្រយោជន៍ ហើយនិងទទួលបរាជ័យជាមិនខាន។ នៅពាក់កណ្តាលឆ្នាំទៅមិញ ភាគីអាមេរិកក៏បានប្រកាសថា លែងផ្តល់ភាពអនុគ្រោះពិសេសដល់តំបន់ហុងកុងទៀតហើយ ប៉ុន្តែទីបំផុតមិនបានទទួលឥទ្ធិពលអ្វីខ្លះ តំបន់ហុងកុងនៅតែទទួលបានការរីកចម្រើនទៅមុខ ប្រកបដោយវិបុលភាពដដែល។

នៅឆ្នាំ២០២០ ទំហំប្រាក់ទុនដែលហូរចូលតំបន់ហុងកុង បានឡើងដល់៥ម៉ឺនលានដុល្លារអាមេរិក។ ទំហំប្រាក់ទុនដែលទីផ្សារភាគហ៊ុននៃតំបន់ហុងកុង ប្រមូលបានសម្រាប់ធ្វើ IPOកាន់លំដាប់ថ្នាក់ទីពីរលើទូទាំងពិភពលោក ។ របាយការណ៍ពិនិត្យអង្កេតរបស់ សមាគមពាណិជ្ជកម្មអាមេរិកនៃតំបន់ហុងកុង បានបង្ហាញថា បើប្រៀបធៀបខែមករាឆ្នាំនេះ នឹងខែសីហាឆ្នាំទៅមិញ អត្រាដែលសហគ្រាសនៅតំបន់ហុងកុង កាន់អាកប្បកិរិយាសុទិដ្ឋិនិយម ចំពោះបរិយាកាសពាណិជ្ជកម្ម និងអាជីវកម្មនៅតំបន់ហុងកុង បានកើនឡើងជាច្រើន។ សហគ្រាសអាមេរិកជាច្រើនបានបង្ហាញថា នឹងបន្ថែមការវិនិយោគនៅតំបន់ហុងកុង ក្នុងរយៈពេលបីឆ្នាំខាងមុខ។

ការពិតជាក់ស្តែងបានបញ្ជាក់ថា កិច្ចការនៃតំបន់ហុងកុងនិងភូមិភាគស៊ីនជាំង ត្រូវសម្រេចដោយជនជាតិចិន ប្រទេសណាមួយសុទ្ធ តែគ្មានសិទ្ធិធ្វើការជ្រៀតជ្រែកនោះទេ។ ហេតុផលនិងនិន្នាការរឿងនេះ មិនអាចប្រកែកបាន និងមិនអាចរារាំងផងដែរ៕