(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ បានសម្រេចដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្តោះអាសន្នរយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១។ វិធានការនេះ ធ្វើឡើងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

យោងតាមសេចក្តីណែនាំពីវិធានការរដ្ឋបាលខេត្ត ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ធំ បានដាក់ចេញវិធានការរដ្ឋបាលសំខាន់ៗដូចខាងក្រោម៖

១៖ មន្ទីរទេសចរណ៍សហការជាមួយរដ្ឋបាលក្រុងស្រុក ដោយផ្ទាកជាបណ្តោះអាសន្ននូវសកម្មភាព អាជីវកម្មចំពោះអាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងភោជនីយដ្ឋាននៅតាមសណ្ឋាគារ ប៉ុន្តែអាចលក់អាហារវេចខ្ចប់បាន។ រមណីយដ្ឋានធម្មជាតិ រមណីយដ្ឋានប្រវត្តិសាស្ត្រ និងរមណីយដ្ឋានកែច្នៃនានា ត្រូវរៀបចំកងកម្លាំងត្រួតពិនិត្យ យាមល្បាតឱ្យបានតឹងរឹងមិនឱ្យមានការកម្សាន្ត ឬការប្រមូលផ្តុំណាមួយឡើយ។

២៖ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក៖
- ត្រូវផ្អាកជាបណ្តោះអាសន្ននូវការប្រមូលផ្តុំ ឬការជួបជុំគ្នាទទួលទានអាហារ ភេសជ្ជៈ ឬទទួលទានគ្រឿងស្រវឹង លើកលែងតែជួបជុំក្នុងចំណោមសមាជិកគ្រួសារ ដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នា។
- ត្រូវរឹតបន្តឹងការធ្វើដំណើរ ឬការដឹកជញ្ជូនមនុស្សដែលមានចំនួនច្រើន។ ចំពោះបងប្អូនប្រជាពលរដ្ឋត្រឡប់មកលេងស្រុក ដែលមកពីតំបន់មានការរីករាលដាលខ្លាំង នៃជំងឺកូវីដ១៩ ដែលកំណត់ដោយក្រសួងសុខាភិបាល ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ នៅតាមលំនៅឋានរៀងៗខ្លួន ឬមណ្ឌលចត្តាឡីស័កក្រុង/ស្រុក ឬខេត្តតាមការជាក់ស្តែង។
- ត្រូវណែនាំបងប្អូនប្រជាពលរដ្ឋឱ្យចៀសវាងការធ្វើដំណើរចេញក្រៅផ្ទះដោយមិនចាំបាច់ ជាពិសេសទៅកាន់តំបន់ ឬទីកន្លែងដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩។
- ត្រូវណែនាំបងប្អូនប្រជាពលរដ្ឋឱ្យអនុវត្តវិធានការ «៣ការពារ និង៣កុំ» ព្រមជាមួយនឹងវិធានសុខាភិបាលផ្សេងទៀតសំដៅបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ឱ្យបានខ្ជាប់ខ្ជួន និងគ្រប់ៗគ្នា។

៣៖ មន្ទីរធម្មការ និងសាសនាត្រូវណែនាំដល់គ្រប់វត្តអារាមឱ្យពុទ្ធបរិស័ទពាក់ម៉ាស វាស់កំដៅ និងលាងដៃដោយអាល់កុល ឬហ្សែល ជាចាំបាច់មុននឹងអនុញ្ញាតឱ្យចូលក្នុងទីវត្តអារាម វិហារ សាលាឆាន់ និងកុដិ។ ម្យ៉ាងវិញទៀត ត្រូវកំណត់ចំនួនពុទ្ធបរិស័ទដែលត្រូវអនុញ្ញាតឱ្យចូលដោយត្រូវគិតពីគម្លាតសុវត្ថិភាព ១.៥ម៉ែត្រ ទោះដើរ អង្គុយ ឈរ ឬវេរចង្ហាន់ និងទេយ្យទាន ពីបុគ្គលម្នាក់ទៅម្នាក់។ ចំពោះចង្ហាន់សម្រាប់ព្រះសង្ឃត្រូវរៀបចំម្នាក់ៗដាច់ដោយឡែកពីគ្នា ចៀសវាងការឆាន់រួមគ្នា៕