(ប៉េកាំង)៖ នៅថ្ងៃព្រហស្បតិ៍ នេះប្រទេសកូរ៉េខាងជើង បានបាញ់សាកល្បងគ្រាប់មីស៊ីលរយៈចម្ងាយមធ្យម ចំនួន ៦គ្រាប់ ដែលជាការផ្គើនទៅនឹងដំណោះស្រាយ របស់អង្គការសហប្រជាជាតិ ដែលគ្រោងចេញនៅក្នុងសប្តាហ៍នេះ ជាហេតុនាំឲ្យសហគមន៍អន្តរជាតិ ចេញមុខអំពាវនាវសាជាថ្មី ឲ្យរដ្ឋកុម្មុយនិស្តព្យុងយ៉ាង គោរពកតព្វកិច្ចរបស់ខ្លួន និង ចូលតុចរចាឡើងវិញ។ នេះបើតាមការផ្សាយរបស់ស៊ិនហួ នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមីនា ឆ្នាំ២០១៦។
នៅក្នុងកិច្ចប្រជុំដើម្បីអនុម័តលើដំណោះស្រាយ ឆ្លើយតបបញ្ហាកូរ៉េខាងជើង អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ លោក បាន គីមូន ស្វាគមន៍ចំណោះក្រុមប្រឹក្សាសន្តិសុខ ដែលបានចេញ ចំណាត់ការក្តៅក្នុងការទាញប្រទេស កូរ៉េខាងជើង ឲ្យមកគោរពយ៉ាងពេញលេញចំពោះតួនាទីរបស់ខ្លួន នៅលើឆាកអន្តរជាតិ ជាពិសេស គឺបញ្ឈប់ការធ្វើតេស្តអាវុធប្រល័យលោកតទៅទៀត។
លោក បាន គីមូន បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ទៀតថា «ដំណោះស្រាយដោយក្រុមប្រឹក្សាសន្តិសុខ អង្គការ សហប្រជាជាតិនេះ ពិតជាមានទិសដៅបញ្ចប់ការបង្កហេតុ និង អាចឈានទៅរកការរៀបចំឡើងវិញនូវ កិច្ចសន្ទនាដែលជាទស្សនរួមរបស់សហគមន៍អន្តរជាតិ»។
គួរបញ្ជាក់ថា សមាជិកក្រុមប្រឹក្សាសន្តិសុខ ដូចជា ចិន, បារាំង, អង់គ្លេស, អាមេរិក, នូវែលសេឡង់ និង បណ្តាប្រទេសមួយចំនួនទៀត បានសម្តែងការស្វាគមន៍ចំពោះដំណោះស្រាយថ្មីនេះ ហើយថាវានឹងដាក់ សម្ពាធ កាន់តែខ្លាំងឡើង ដើម្បីឲ្យកូរ៉េខាងជើងលះបង់ចោលទង្វើទាំងអស់ ដែលផ្ទុយនឹងច្បាប់អន្តរជាតិ៕