(ភ្នំពេញ)៖ ជនជាតិចិនម្នាក់ អាយុ៤២ឆ្នាំ រស់នៅក្នុងអគារ Prince Tower សង្កាត់វាលវង់ រាជធានីភ្នំពេញ បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅយប់ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១។ នេះបើតាមការប្រកាសផ្លូវការរបស់ក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកជំងឺម្នាក់នេះ ត្រូវបានរកឃើញវិជ្ចមានជំងឺកូវីដ១៩ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ហើយត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ដោយសារតែស្ថានភាពអ្នកជំងឺមានសភាពធ្ងន់ធ្ងរតាំងពីចូលសម្រាកពេទ្យដំបូង តម្រូវឱ្យក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយផ្លូវដង្ហើមតាំងពីថ្ងៃចូលសម្រាកពេទ្យដំបូង ទោះបីជាក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយ ក៏មិនអាចជួយអ្នកជំងឺបាន ហើយស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរឡើងៗ ដែលបណ្តាលឱ្យគាត់ស្លាប់បាត់បង់ជីវិត នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២២៖០០នាទី។
ក្រសួងសុខាភិបាល បានបញ្ជាក់បន្ថែមទៀតថា៖ «ការសន្និដ្ឋានរប់សក្រុមគ្រូពេទ្យ៖ បុរសជនជាតិចិន អាយុ៤២ឆ្នាំ ខាងលើនេះ បានស្លាប់ដោយសារខ្សោយសួតធ្ងន់ធ្ងរ និងរលាកសួតសងខាងដោយសារជំងឺកូវីដ១៩»។
គិតរហូតមកដល់ពេលនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២៧៥២នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន១៧៤៧ និងស្លាប់សរុប២១នាក់។ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល៕