(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ បានសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៦៣នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន៩៤នាក់ ជាសះស្បើយ ត្រូវបានអនុញ្ញតឲ្យចេញពីមន្ទីរពេទ្យ។

ក្រសួងសុខាភិបាលបានបន្តថា សម្រាប់អ្នកឆ្លងថ្មីទាំង៦៣នាក់ គឺសុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍នៃព្រឹត្តិការណ៍ ២០កុម្ភៈ រួមមាន៖ នៅរាជធានីភ្នំពេញ ៣១នាក់ ខេត្តស្វាយរៀង២២នាក់ ខេត្តព្រះសីហនុ៦នាក់ ខេត្តកំពង់ឆ្នាំង២នាក់ និងព្រៃវែងម្នាក់។ អ្នកឆ្លងទាំង៦៣នាក់ មានជាជនជាតិខ្មែរ៦០នាក់ ជនជាតិវៀតណាម២នាក់ និងជនជាតិម៉ាឡេស៊ីម្នាក់។

ដោយឡែកសម្រាប់អ្នកជាសះស្បើយទាំង៩៤នាក់វិញ ជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ២៧៥២នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន២២២២នាក់, អ្នកជាសះស្បើយចំនួន ១៧៤៧នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន៩៧៩នាក់, អ្នកស្លាប់ចំនួន ២១នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់៕