(ភ្នំពេញ)៖ សម្តេចពិជ័យ សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មិនដែលមានទម្លាប់ទុកប្រជាជនចោល ដោយមិនខ្វល់ខ្វាយ ក្នុងគ្រាលំបាកណាមួយនោះឡើយ។

តាមរយៈហ្វេសបុកផ្លូវការ សម្តេចពិជ័យសេនា បានលើកឡើងយ៉ាងដូច្នេះថា៖ «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មិនដែលមានទម្លាប់ទុកប្រជាពលរដ្ឋចោល ដោយមិនខ្វល់ខ្វាយនោះឡើយ»

សម្តេចពិជ័យសេនា បានបញ្ជាក់បន្ថែមថា ក្នុងពេលវេលាកាន់តែលំបាកនិងគ្រោះថ្នាក់ សម្តេចតេជោ កាន់តែចូលកៀក ដើម្បីការពារអាយុជីវិតនិងភាពសុខសាន្តរបស់ជនរួមជាតិយើង។ ជាក់ស្តែង សម្តេចតេជោ បានប្រើអស់កម្លាំងកាយចិត្ត ប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩ ដោយបានដាក់ចេញនូវវិធានការបង្ការនានា បាននិងកំពុងផ្តល់ការឧបត្ថម្ភដល់ដំណើរការធ្វើចត្តាឡីស័កនិងអ្នកទទួលផលប៉ះពាល់ បានទទួលនិងកំពុងបន្តស្វែងរកការផ្គត់ផ្គង់វ៉ាក់សាំងបន្ថែម បាននិងកំពុងចាក់វ៉ាក់សាំងជូនប្រជាជនជារៀងរាល់ថ្ងៃ និងបាននិងកំពុងបង្កើតមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ថ្មីៗបន្ថែម។

សូមបញ្ជាក់ថា ទន្ទឹមនឹងកម្ពុជា កំពុងប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន បានខិតខំស្វះស្វែងរកជំនួយ និងទិញវ៉ាក់សាំង ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ បន្ថែមពីនេះ សម្តេចបានដាក់ចេញនូវវិធានការនានា ដើម្បីជួយដល់វិស័យឯកជន និងប្រជាពលរដ្ឋ នៅក្នុងគ្រាដ៏លំបាកនេះ។

ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ជំងឺកូវីដ១៩នេះ សម្តែងអំពាវនាវដល់ប្រជាពលឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវអនុវត្ដនូវវិធានការរបស់ ក្រសួងសុខាភិបាល «៣កុំ ៣ការពារ» ៣កុំ គឺ កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និង ប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល កុំទៅកន្លែងមនុស្សច្រើនកុះករ កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម «៣ការពារ» ពាក់ម៉ាស់ លាងដៃ គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលជាដើម៕