(ភ្នំពេញ)៖ Page Facebook ផ្លូវការរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញពីសកម្មភាពដ៏មមាញឹក ក្នុងការសាងសង់ និងស្តារឡើងវិញ នូវប្រព័ន្ធធារាសាស្រ្តតូចធំនានា នៅតាមបណ្តាខេត្ត ដើម្បីពង្រីកលើការស្រោចស្រពប្រព័ន្ធផ្ទៃដីដាំដុះ របស់ប្រជាកសិករ កាន់តែប្រសើរឡើង។

Facebook Page បានបញ្ជាក់ថា ប្រព័ន្ធស្រោចស្រពដែលកំពុងដំណើរការសាងសង់ និងស្តារឡើងវិញនោះរួមមាន ទី១-ប្រព័ន្ធស្រោចស្រព ព្រៃផ្តៅ ស្ថិតក្នុងស្រុកជុំគិរី ខេត្តកំពត ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម បើកការដ្ឋានស្តារ និងជួសជុលឡើងវិញ កាលពីដើមខែកុម្ភៈ ឆ្នាំ ២០១៦ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០១៦ ខាងមុខនេះ ។ ប្រព័ន្ធស្រោចស្រព ព្រៃផ្តៅ មានតួនាទី ប្រមូលទឹកពីតំបន់ជួរភ្នំលោកតាថ្មពូន ក្នុងភូមិសាស្ត្រ ស្រុកជុំគិរី ខេត្តកំពត ដើម្បីស្តុកទុកសម្រាប់បម្រើដល់ការ ស្រោចស្រពលើផ្ទៃដីស្រែ និងដំណាំរួមផ្សំរបស់បងប្អូនប្រជាកសិករ ជាង ១.០០០ ហិកតា ស្ថិតក្នុងឃុំស្រែក្នុង ស្រុកជុំគិរី ខេត្តកំពត។

ទី២-សកម្មភាពស្តារប្រឡាយមេ ស្វាយជ្រុំ ស្ថិតក្នុងស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ប្រវែង ៣.១០០ ម៉ែត្រ រួមជាមួយនឹងការ សាងសង់សំណង់សិល្បការមួយចំនួនទៀត ។ ក្រោយពេលការងារនេះរួចរាល់ ប្រឡាយមេ ស្វាយជ្រុំ នឹងដើរតួនាទីនាំទឹកពីអាង ដូនសរ តាមរយៈប្រឡាយមេ ៧មករា រួចបែងចែកតាមប្រឡាយរងនានា ទៅស្រោចស្រពដីស្រែរបស់បងប្អូនប្រជាកសិករប្រមាណ ១.០០០ ហិកតា ស្ថិតក្នុងឃុំស្វាយជ្រុំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

ទី៣-គម្រោងអនុត្តរភាពប្រព័ន្ធធារាសាស្ត្រនាំទឹកបញ្ចូលស្រែ អូរក្រូច ស្ថិតក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម អនុវត្តរួចរាល់ជាស្ថាពរ និងបានដាក់ឱ្យដំណើរការ សម្រាប់បម្រើដល់ការស្រោចស្រព ដីស្រែរបស់បងប្អូនប្រជាកសិករ ប្រមាណ ៤.៥០០ ហិកតា ស្ថិតក្នុងឃុំសាលាវិស័យ និងឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

ទី៤-ប្រព័ន្ធធារាសាស្រ្ត កីចក ស្ថិតក្នុងស្រុករមាសហែក ស្រុករំដួល ស្រុកស្វាយជ្រុំ ស្រុកស្វាយទាប ស្រុកកំពង់រោទ៏ និងក្រុងស្វាយរៀង ខេត្តស្វាយរៀង ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១១ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០១៧ ខាងមុខ ។

ទី៥-ប្រព័ន្ធធារាសាស្រ្តកីចក មានតួនាទីប្រមូលទឹកពីទន្លេតូច ស្ទឹងកំពង់ត្រាច និងទឹកពីតំបន់ផ្ទៃរងទឹកភ្លៀងនានានៃខ្ពង់រាប របស់ខេត្តកំពង់ចាម ព្រៃវែង ស្វាយរៀង ។ ក្រោយពេលសាងសង់រួច ប្រព័ន្ធធារាសាស្រ្ត កីចក នឹងប្រែក្លាយតំបន់ស្ងួតហួតហែង ក្រៀមក្រោះ ឲ្យក្លាយទៅជាតំបន់បៃតង ដោយសារតែគម្រោងនេះនឹងផ្តល់សក្តានុពលទឹក សម្រាប់ការស្រោចស្រពលើផ្ទៃដី ៥០.០០០ ហត នៅក្នុងក្រុងស្វាយរៀង ស្រុករំដួល ស្វាយជ្រុំ ស្វាយទាប កំពង់រោទិ៍ និងស្រុករមាសហែក។

ទី៦-សកម្មភាពគ្រឿងចក្ររបស់ក្រសួងធនធានទឹក និងឧតុនិយម កំពុងធ្វើការស្តារប្រឡាយស្រោចស្រព អន្លង់រូង ស្ថិតក្នុងស្រុក បាកាន ខេត្តពោធិ៍សាត់ ចំនួន ៣ ខ្សែ សរុបប្រវែង ៣.៤១៤ ម៉ែត្រ ដើម្បីនាំទឹកពីប្រឡាយមេដំណាក់អំពិល តាមរយៈស្ទឹងកំបុត ទៅស្រោចស្រពផ្ទៃដីដំណាំស្រូវ និងដំណាំរួមផ្សំរបស់បងប្អូនប្រជាកសិករជាង ១.០០០ ហិកតា ស្ថិតក្នុងឃុំខ្នារទទឹង រំលេច និងឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។

និងទី៧- សកម្មភាពពង្រីកបន្ថែម ប្រព័ន្ធធារាសាស្ត្រ អូរដូនតា ស្ថិតនៅក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្នុងគោលបំណងបង្កើនលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាឱ្យបាន ១.០៥០ ហិកតា ស្រូវប្រាំង ២៥១ ហិកតា និងដំណាំរួមផ្សំមួយចំនួនទៀត ៕

Page Facebook ក្រសួងធនធានទឹក និងឧតុនិយម

https://www.facebook.com/mowram/timeline