(សៀមរាប)៖ មន្រ្តីសាលាដំបូងខេត្តសៀមរាប បានថ្លែងប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦នេះថា អតីតមន្រ្តីរដ្ឋបាលព្រៃឈើ មានតួនាទីជានាយសង្កាត់រដ្ឋបាលព្រៃឈើស្រែណូយ ត្រូវបានតុលាការខេត្តសៀមរាប សម្រេចឃុំខ្លួន ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន នៅល្ងាចម្សិលមិញ ពាក់ព័ន្ធការគំរាមសម្លាប់ និងប្រើហិង្សាទៅលើអតីតប្រពន្ធរបស់ខ្លួន។

សូមបញ្ជាក់ថា ជនត្រូវចោទលោក ថោង សុខៃ ត្រូវ បានកម្លាំងអាវុធហត្ថខេត្តសៀមរាប សហការជាមួយកម្លាំងអាវុធហត្ថខេត្ត បន្ទាយមានជ័យ ចាប់ខ្លួននៅរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅខេត្តបន្ទាយមានជ័យ តាមដីកាបញ្ជាឲ្យចាប់ខ្លួនរបស់ សាលាឧទ្ធរណ៍ក្រោមបទចោទប្រកាន់ «ហិង្សាប្រព្រឹត្តដោយសហព័ន្ធ និងបទគំរាមកំហែង ថានឹងសម្លាប់»។

មន្រ្តីសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ថា "ជននេះត្រូវបានឃុំខ្លួនដាក់ពន្ធនាគារហើយ រង់ចាំការបើកសាវនាការនាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ខាងមុខ"។ យ៉ាងណាក៏ដោយ ជនរងគ្រោះស្រ្តីមេម៉ាយ អ្នកស្រី យស់ លក្ខ័ណា បានអំពាវនាវដល់តុលាការខេត្ត និងប្រធានអង្គជំនុំជម្រះ សូមមេត្តាកាត់ទោសយ៉ាងតឹងរឹងបំផុត ពីព្រោះនៅពេលនេះមានអ្នកអន្តរាគមន៍ដោះលែង តាមរយ:មេធាវី របស់ពួកគេ។ បើតាមអ្នកច្បាប់សម្រាប់ការប្រព្រឹត្តទោសខាងលើ ជននេះអាចប្រឈមការជាប់ពន្ធនាគាររហូតដល់៥ឆ្នាំឯណោះ។

សូមបញ្ជាក់ថា អ្នកស្រី យស់ កល្ខ័ណា រស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប បានប្រាប់អង្គភាព Fresh News ថា អតីតប្តីរបស់ខ្លួន ឈ្មោះ ថោង សុខៃ អាយុ៥៨ឆ្នាំ រស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ជាអតីតនាយសង្កាត់រដ្ឋបាល ព្រៃឈើស្រែណូយ ស្រុកវ៉ារិន្ទ ខេត្តសៀមរាប ក្រោយពីបានលែងលះគ្នារួចមក ជននេះបានវាយធ្វើបាប ជេរប្រមាថជាច្រើនលើក ជាច្រើនសារ ហើយពេលខ្លះ បានគំរាមសម្លាប់ទៀតផង។

ការប្រើអំពើហិង្សា នាពេលកន្លងទៅ បានធ្វើឲ្យអ្នកស្រី រងរបួសយ៉ាងធ្ងន់ធ្ងរ រហូតចំភ្នែកមិនចង់ឃើញទៀតផង ហើយកុំតែពេលខ្លះ បានកូនស្រីជួយ និងរត់ទៅរកសមត្ថកិច្ចទាន់ កុំអីអាចស្លាប់ក៏ថាបាន។ អ្នកស្រី យស់ លក្ខ័ណា បានរៀបរាប់ថា ក្រោយពីប្រើ អំពើហិង្សា និងគំរាមសម្លាប់យ៉ាងដូច្នេះ ធ្វើឲ្យអ្នកស្រីមានការភ័យខ្លាចយ៉ាងខ្លាំង ទើបបានទៅដាក់ពាក្យបណ្តឹងនៅសាលាដំបូងខេត្ត សៀមរាប ដើម្បីឲ្យជួយអន្តរាគមន៍ ប៉ុន្តែពន្លឺយុត្តិធម៌ មិនបានអណ្តែតឡើង នោះឡើយ ពោលជនបង្កមិនត្រូវបានព្រះរាជអាជ្ញាខេត្ត ធ្វើការចោទប្រកាន់ និងឃុំខ្លួននោះទេ ទុកឲ្យមានសេរីភាពដដែល ហើយជននេះបានបន្តសកម្មភាព គំរាមកំហែងរហូតដោយសារ តែពន្លឺយុត្តិធម៌ នៅសាលាដំបូងខេត្តសៀមរាម មិនបានលេចអណ្តែត ធ្វើឲ្យស្រ្តីមេម៉ាយរូបនេះ ខិតខំបន្តស្វែងរកអន្តរាគមន៍ មកតុលាការថ្នាក់ទី២ គឺសាលាឧទ្ធរណ៌។

ក្រោយក្តាប់សេចក្តី នៃដំណើររឿងរួចហើយ អគ្គព្រះរាជអាជ្ញា គឺលោក អ៊ុក សាវុធ បានធ្វើពាក្យបណ្តឹងជំទាស់ ការសម្រេចរបស់ សាលាដំបូងខេត្ត។ ក្រោយពីមានការជួយអន្តរាគមន៍ របស់លោក អ៊ុក សាវុធរួចមក ទើបនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ប្រធានក្រុមប្រឹក្សាជំនុំជំរះ លោក ឃុន លាងម៉េង បានចេញដីកា បង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួន ឈ្មោះ ថោង សុខៃ ក្រោមបទ ចោទប្រកាន់ «ហិង្សាប្រព្រឹត្តដោយសហព័ន្ធ និងបទគំរាមកំហែង ថានឹងសម្លាប់»។

ស្រ្តីមេម៉ាយរូបនេះ ដែលបច្ចុប្បន្ន កំពុងរស់នៅជាមួយកូនស្រី ដោយមានការ ភ័យខ្លាចនោះ សូមអំពាវនាវ ដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មេត្តាលោកទាំងទ្វេរ ជួយអន្តរាគមន៍រឿងនេះផង ដើម្បីឲ្យប្រជាលរដ្ឋ រងគ្រោះពិតប្រាកដ មានពន្លឺយុត្តិធម៌។ សម្រាប់ការវាយធ្វើបាបពីអតីតប្តីរបស់ខ្លួននោះ អ្នកស្រីបានថ្លែងពីបញ្ហាសុខភាពភ្នែក របស់គាត់ ដែលពេទ្យបានប្រាប់ពីការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងមិនសូវមើលឃើញនោះឡើយ៕