(ភ្នំពេញ)៖ ពិធីបុណ្យឆេងម៉េង (Qingming jie) ជាកិច្ចពិធីដ៏ប្រពៃថ្លៃថ្លាបងប្អូនជនជាតិចិន ឬបងប្អូនខ្មែរ ជាប់សែស្រឡាយចិន តែងប្រារព្វយ៉ាង គគ្រឹកគគ្រេងដើម្បីឧទ្ទិសដល់កុងម៉ា ដូនតា ឬ បុព្វការីជនខ្លួនដែល បានចែកឋានទៅប្រកបដោយទឹកចិត្ដសុទ្ធាជ្រះថ្លាយ៉ាងប្រពៃ។ តើកិច្ចពិធីបុណ្យឆេងម៉េងដើម្បីអ្វី?

អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា ចំពោះពិធីបុណ្យឆេងម៉េង ឬពិធីបុណ្យសែនផ្នូរដែលយើងឃើញបងប្អូនជនជាតិចិន ឬបងប្អូនខ្មែរជាប់សែស្រទ្បាយចិនតែងប្រារព្វនៅថ្ងៃទី៤-៥ ឬទី៦មេសានេះ គឺជាកិច្ចពិធីមួយក្នុងន័យសំដៅទៅលើអ្វីៗ ទំាងអស់ដែលកំពុងប្រារព្វនេះមានពន្លឺចែងចំាងយ៉ាងច្បាស់ និងលូតលាស់យ៉ាងស្រស់បំព្រង។

លោក រ័ត្ន សណ្ដាប់ បន្ដថាបើនិយាយពីសាវតារកិច្ចពិធីបុណ្យឆេងម៉េងនេះទៀតសោត ជាពិធីបុណ្យបូជាផ្នូររបស់ព្រះចៅអធិរាជ និងមេទ័ព ឬឥស្សរជនពីសម័យបុរាណ តែក្រោយមកពិធីបុណ្យនេះ បានក្លាយជាប្រពៃណីនៃការគោរពដឹងគុណកុងម៉ា ដូនតា បុព្វការីជន ដែលបងប្អូនកូនចៅត្រូវមកជួបជុំគ្នានៅថ្ងៃនេះ ពីជំនាន់មួយទៅជំនាន់មួយ ហើយក្លាយជាប្រពៃណីទំនៀមទំម្លាប់របស់ជនជាតិចិន រហូតមកដល់បច្ចុប្បន្ន។ បើនិយាយពីប្រព័ន្ធជំនឿវិញ ពិធីបុណ្យឆេងម៉េងជាកិច្ចពិធីបុណ្យនៃការគោរពដឹងគុណដល់បុព្វការីជនផង និងផ្សារភ្ជាប់សាសនាផង គឺជាប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិចិនតំាងពីសម័យបុរាណរៀងមក មិនខុសពីកិច្ចពិធីបុណ្យភ្ជុំបិណ្ឌខ្មែរយើងនោះទេ។

មួយវិញទៀតកិច្ចពិធីនេះ ក៏បានបង្ហាញអំពីគុណតម្លៃដល់ការលើកកម្ពស់គោរពដឹងគុណ និងធ្វើឲ្យចងចំាដល់ក្រុមគ្រួសារប៉ុណ្ណោះទេ តែវាក៏ជួយលើកកម្ពស់ភាពស្អិតរមួតអត្ដសញ្ញាណនៃគ្រួសារនីមួយៗ ដោយចងភ្ជាប់ដល់សង្គមជាតិចិនទំាងមូលផងដែរ។ ត្រង់ហ្នឹងហើយ បានជានៅថ្ងៃទី២០ ខែឧសភា ឆ្នំា២០០៦ កិច្ចពិធីបុណ្យឆេងម៉េងត្រូវបានក្រសួងវប្បធម៌នៃប្រទេសចិន បានអនុម័តដោយក្រុមប្រឹក្សារដ្ឋ ដើម្បីដាក់បញ្ចូលនៅក្នុងបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ។

លោក រ័ត្ន សណ្ដាប់ បានកត់សម្គាល់ថាកិច្ចពិធីបុណ្យឆេងម៉េងនេះ យើងឃើញជនជាតិចិន ឬ ខ្មែរជាប់សែស្រឡាយចិន តែងប្រារព្វនៅលើទឹកដីខ្មែរយើងតំាងពីមុនទសវត្សឆ្នាំ១៩៦០ មកម្ល៉េះ។ ចំពោះគ្រឿងរណ្ដាប់ នៅក្នុងកិច្ចពិធីនេះមានម្ហូបអាហារ ផ្កា ទៀន ធូបជាដើម ហើយនៅថ្ងៃសែន គេបាននាំគ្រួសារសាច់ញាតិ ប្រុសស្រីមកជួបជុំគ្នា ដោយមានក្រាលកន្ទេលពីមុខផ្នូរ ព្រមទាំងរៀបចំគ្រឿងសំណែនផ្សេងៗ មានដូចជា បាយ សម្លរ មាន់ស្ងោរ ជ្រូកខ្វៃ នំនែក ផ្លែឈើ និងភេសជ្ជៈ ទឹកក្រូច ស្រាបៀរ តែ ក្រដាស សែនមាស ប្រាក់ លុយកាត់ រួមទាំង គ្រឿងបរិក្ខារប្រើប្រាស់ផ្សេងៗ ជាច្រើនទៀត ដែលធ្វើពីក្រដាស សម្រាប់ដុតឧទ្ទិស ជូនដល់កុងម៉ាដូនតា បុព្វការីជនរួមទាំងសាច់ញាតិ ទាំងឡាយដែលបាន ចែកឋានទៅហើយនោះ។

ជាសរុប លោក រ័ត្ន សណ្តាប់ បញ្ជាក់ថា ពិធីបុណ្យឆេងម៉េង ជាកិច្ចពិធីដ៏សំខាន់មួយ សម្រាប់ក្រុមគ្រួសារ ឬសាច់ញាតិ ជនជាតិចិនក្នុងការគោរពចងចំាដឹងគុណកុងម៉ា ដូនតា ឪពុកម្ដាយ សាច់ញាតិ បុព្វការីជនដែល បានចែកឋានទៅហើយនោះ។ ទន្ទឹមនឹងនេះយើងក៏គួរយកចិត្ដទុកដាក់អំពីបញ្ហាភ្លើងទៀនធូកផងដែរ ពីព្រោះស្រុកយើងជារដូវក្ដៅ។ ពិសេសស្ថិតក្នុងស្ថានភាពស្រុកទេសយើង កំពុងប្រឈមនឹងបញ្ហាជំងឺរាត្បាតកូវីដ១៩ ដូច្នេះយើងត្រូវចូលរួមប្រុងប្រយ័ត្នឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីកុំឲ្យមេរោគចង្រៃនេះ បំផ្លាញជីវិតយើង គ្រួសារយើង៕