(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានស្នើឱ្យស្ថានីយ៍ទូរទស្សន៍ទាំងអស់ ស្វះស្វែងរកកម្មវិធី សិល្បៈវប្បធម៌ខ្មែរ ដូចជា ចម្រៀង ភាពយន្ត និងសិល្បៈនានា ដើម្បីការចាក់ផ្សាយប្រចាំថ្ងៃ ដែលកំណត់ដោយក្រសួងព័ត៌មាន។
ថ្លែងនៅក្នុងទិវាវប្បធម៌ជាតិ នៅសាលចតុមុខ នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នេពេលកន្លងទៅ មានស្ថានីយ៍ទូរទស្សន៍មួយចំនួន បានយកភាពយន្តចាស់ៗក្នុងជំនាន់ទស្សវត្ស៦០-៨០ ទៅចាក់ផ្សាយនៅម៉ោង របស់ខ្លួន តាមសេចក្តីណែនាំរបស់ក្រសួងព័ត៌មាន ក៏ប៉ុន្តែសម្តេចថាក្រៅពីចាក់ផ្សាយនូវភាពយន្តចាស់ៗទាំងនោះ ស្ថានីយ៍ទូរទស្សន៍ គួរតែស្វែងរកកម្មវិធីសិល្បៈដទៃទៀត ដូចជា ល្ខោន យីកេ ដែលជាវប្បធម៌ខ្មែរទៅចាក់ផ្សាយបន្ថែមទៀតដែរ។
សូមជំរាបថា កាលពីខែតុលា ឆ្នាំមុន ក្រសួងព័ត៌មាន បានប្រកាសឱ្យស្ថានីយ៍ទូរទស្សន៍ទាំងអស់ ចាក់ផ្សាយវណ្ណកម្មខ្មែរ ចាប់ពីដើមឆ្នាំ២០១៦ទៅ នៅក្នុងម៉ោងមាស ចាប់ពីម៉ោង១៩:០០ ដល់ម៉ោង២១:០០យប់ រៀងរាល់ថ្ងៃ ដើម្បីផ្សព្វផ្សាយនូវវប្បធម៌ខ្មែរ ហើយកាត់បន្ថយលំហូរវប្បធម៌ភាពយន្តបរទេស។ បន្ទាប់ពីមានសេចក្តីណែនាំនេះ គេសង្កេតឃើញថា មានស្ថានីយ៍ទូរទស្សន៍នានា បានព្យាយាមស្វែងរកកម្មវិធីសិល្បៈភាពយន្តខ្មែរមកចាក់ផ្សាយជាហូរហែរ។
ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងថ្ងៃទិវាវប្បធម៌ជាតិនេះ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមគាំទ្រដល់សិល្បៈខ្មែរ និងកីឡាខ្មែរ ដើម្បីលើកកម្ពស់កិត្តិយសវប្បធម៌ខ្មែរឡើងវិញ៕