(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បាននាំយកគ្រឿងបរិភោគមួយចំនួន និងបច្ច័យ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចំនួន៥លានរៀល ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារ សពលោកស្រី នួន លក្ខិណា អាយុ ៦១ឆ្នាំ ដែលបានទទួលមរណភាពដោយសារកូវីដ១៩ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១។
នៅក្នុងការចូលរួមរំលែកមរណទុក្ខនេះ សម្ដេចតេជោ បានចាត់ទុកការស្លាប់របស់ជនរងគ្រោះខាងលើ គឺជាមរណភាពមួយគួរឲ្យសោកស្ដាយជាទីបំផុត ដែលបច្ចុប្បន្នមេរោគដ៏កាចសាហាវនេះ កំពុងតែឆ្លងរាលដាលនៅលើពិភពលោក ហើយក៏កំពុងតែសម្លាប់ជីវិតមនុស្សយ៉ាងច្រើនជារៀងរាល់ថ្ងៃ។ ស្ថិតក្នុងមរណទុក្ខដ៏ក្រៀមក្រំនេះ សម្ដេចតេជោ សូមឧទ្ទិសបួងសួងសូមឲ្យវិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះ លោក ចេង មុនីរ៉ា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់សម្តេចតេជោ «៣ការពារ និង៣កុំ» ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន គ្រួសារ សហគមន៍ និងសង្គមជាតិ។
អំណោយដែលលោកអភិបាលខណ្ឌនាំយកទៅប្រគល់ជូនគ្រួសារសព រួមមាន៖ អង្ករ ១០០គីឡូក្រាម ទឹកសុទ្ឋ ៤កេស ទឹកផ្លែឈើ ២កេស ម៉ាស៥០ អាល់កុល ៤ដប៕