(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង បានចាត់ឱ្យកម្លាំងសមត្ថកិច្ចចុះរៀបចំអគារចំនួន ២ សរុបមាន ២៨៨ បន្ទប់ ស្ថិតក្នុងទីតាំងរបស់ក្រុមហ៊ុនកាស៊ីណូបាវិត-ម៉ុកបាយ នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ដើម្បីត្រៀមទុកសម្រាប់ឱ្យអ្នកជំងឺកូវីដ១៩ សម្រាកព្យាបាលជំងឺ និងសម្រាប់ក្រុមគ្រូពេទ្យបំពេញការងារថែទាំង ព្យាបាលអ្នកជំងឺកូវីដ១៩ ផងដែរ។
ជាក់ស្ដែង នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត បានចុះពិនិត្យមើលការបំពាក់សម្ភារបរិក្ខាពេទ្យនៅតាមអគារទាំងពីរខាងលើ ដើម្បីឱ្យប្រាកដថាការរៀបចំទាំងនោះ ត្រឹមត្រូវតាមវិធានសុខាភិបាលដែរឬអត់។
នាឱកាសនោះ លោកអភិបាលខេត្តបានថ្លែងអំណរគុណចំពោះកងកម្លាំងទាំងបី អាជ្ញាធរដែនដី ម្ចាស់ទីតាំងអាគារ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលរួមសហការគ្នាក្នុងការបោសសម្អាត និងបំពាក់សម្ភារបរិក្ខាពេទ្យបានរួចរាល់នៅថ្ងៃនេះ ដើម្បីត្រៀមទុកសម្រាប់ព្យាបាលប្រជាពលរដ្ឋដែលមានជំងឺកូវីដ១៩ ជាពិសេសកោតសរសើរចំពោះបុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងខេត្តស្វាយរៀង ដែលជាកងទ័ពអាវស មិនត្រឹមតែបានចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ប៉ុណ្ណោះទេ ថែមទាំងបានចូលរួមចំណែកយ៉ាងសកម្មលះបង់ពេលវេលាទាំងពេលយប់ និងពេលថ្ងៃ ដោយមិនខ្លាចនឿយហត់ក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ យ៉ាងយកចិត្តទុកដាក់បំផុត។
លោកអភិបាលខេត្តបានឧត្ថម្ភនូវថវិកាមួយចំនួនដល់កងកម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងកងកម្លាំងកងរាជអាវុធហត្ថខេត្ត ដើម្បីជាការលើកទឹកចិត្តក្នុងការចូលរួមធ្វើពលកម្មសម្អាតអគារខាងលើនេះផងដែរ។
រដ្ឋបាលខេត្តស្វាយរៀងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល «៣ការពារ ៣កុំ» ហើយបើគ្មានការចាំបាច់ត្រូវនៅតែក្នុងផ្ទះ ត្រូវរួមគ្នាកាត់ផ្តាច់ឬសគល់នៃជំងឺកូវីដ-១៩នេះ ដោយផ្តើមចេញពីការចូលរួមសហការពីប្រជាពលរដ្ឋម្នាក់ៗ និងគ្រប់ៗគ្នា៕