(ភ្នំពេញ)៖ លោកស្រី អាន សុធីតា ដែលជាអ្នកជំនាញវិស័យខុនដូបានអះអាងថា វិស័យខុនដូរនៅតែជាវិស័យមួយដ៏ល្អ ដែលជាវិស័យលំនៅដ្ឋានបែបថ្មី សម្រាប់ផ្ដល់ជូនប្រជាជនកម្ពុជា ក្នុងការរស់នៅបែបទំនើប។
ការអះអាងបែបនេះដោយលោកស្រី អាន សុធីតា បានលើកហេតុផលថា ដោយសារតែតម្លៃក្នុងវិស័យខុនដូរ មានតម្លៃសមរម្យ បើប្រៀបធៀបជាមួយនឹង គម្រោងលំនៅដ្ឋានផ្ទាល់ដី។ ម្យ៉ាងទៀតការរស់នៅក្នុងអគារខុនដូរ មានភាពងាយស្រួល និងមានសុវត្ថិភាពខ្ពស់។
លោកស្រី អាន សុធីតា បានបញ្ជាក់យ៉ាងដូច្នេះថា «នាងខ្ញុំគិតថា វិស័យខុនដូរ នៅតែជាវិស័យមួយដែលល្អ ជាវិស័យលំនៅដ្ឋានបែបថ្មី សម្រាប់ផ្ដល់ជូនប្រជាជនកម្ពុជា ទោះបីជាវិស័យនេះថ្មី សម្រាប់ក្នុងរយៈពេល៥ឆ្នាំនេះក៏ដោយ»។
លោកស្រី អាន សុធីតា បានបន្ដថា «ដោយសារតែតម្លៃមានភាពសមរម្យ បើប្រៀបធៀបជាមួយ នឹងគម្រោងលំនៅដ្ឋានផ្ទាល់ដី និងធ្វើឲ្យការរស់នៅ របស់ប្រជាជនខ្មែរ មានភាពងាយស្រួល និងមានសុវត្ថិភាពខ្ពស់ ជាពិសេសងាយស្រួលក្នុងការថែទាំ»។
បន្ថែមពីនោះទៀត លោកស្រី អាន សុធីតា បានគូសបញ្ជាក់ថា ក្នុងបរិបទ និងនិន្នាការថ្មីនេះ វិស័យខុនដូរនៅតែឈរជំហមុខគេ ជាពិសេសអគារខុនដូរ ដែលមានទីតាំងក្នុងកណ្ដាលរាជធានីភ្នំពេញ។
ចំពោះបញ្ហាកូវីដ-១៩ ត្រូវបានលោកស្រី អាន សុធីតា យល់ឃើញថា ប្រាកដជាមានដំណោះស្រាយ ឲ្យរួចផុតពីផលប៉ះពាល់នេះ ហើយលោកស្រី ក៏បានស្នើឲ្យត្រូវរួបរួមគ្នា ការពារដើម្បីឲ្យគេចផុតពីបញ្ហា ដែលយើងកំពុងតែប្រឈមមុខ។
លោកស្រី អាន សុធីតា បានឲ្យដឹងថា បើប្រៀបធៀបប្រទេសកម្ពុជា ជាមួយបណ្ដាប្រទេសជឿនលឿន នៅក្នុងតំបន់អាស៊ី ពាក់ព័ន្ធនឹងបញ្ហាកូវីដ-១៩ ឃើញថា ប្រទេសកម្ពុជា នៅឈរក្នុងចំណាត់ថ្នាក់ល្អជាងគេ ទាក់ទងទៅនឹងលំនៅដ្ឋាន លើវិស័យខុនដូរ។
បើតាមលោកស្រីបានបញ្ជាក់ថា គិតរហូតមកដល់បច្ចុប្បន្ននេះ អគារខុនដូរ នៅក្នុងរាជធានីភ្នំពេញ មានប្រហែលចន្លោះពី ១០០ ទៅ១៥០អគារ។
លោកស្រីបានឲ្យដឹងទៀតថា បើក្រឡេកមើលពីស្ថានភាព លើវិស័យខុនដូរនៅកម្ពុជា ឃើញថា បើប្រៀបធៀបពីចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១នេះ ការធ្លាក់ចុះ ក្នុងវិស័យខុនដូរនេះមានចន្លោះពី ៥០-៦០ភាគរយ លើចំនួនការលក់សរុបទាំងអស់។ ការធ្លាក់ចុះនេះដោយសារតែជំងឺកូវីដ១៩។
លោកស្រីថា វិស័យខុនដូរត្រូវបានគេចាប់ថ្នាក់ ជាផ្នែកលំនៅដ្ឋាន នៃវិស័យអចលនទ្រព្យ ដូច្នេះចំពោះផ្នែកលំនៅដ្ឋាន គឺមិនសូវជាមានការប៉ះពាល់ ជាមួយកូវីដ១៩នោះទេ ប្រសិនបើប្រៀបធៀប ជាមួយវិស័យផ្សេងៗ៕