(កំពង់ធំ)៖ លោក កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា និងក្រុមការងារ និងអាជ្ញាធរភូមិ ឃុំ បានចុះសំណេះសំណាល សាកសួរសុខទុក្ខ និងប្រគល់ផ្ទះថ្មីចំនួន៣ខ្នង ទំហំ ៥ម៉ែត្រ គុណនឹង ១២ម៉ែត្រ ជូនប្រជាពលរដ្ឋ ចំនួន៣គ្រួសារ ដែលទទួលរងគ្រោះនៅក្នុងហេតុការណ៍អគិ្គភ័យ បណ្ដាលមកពីការទុសសេ្សខ្សែភ្លើង នាពេលកន្លងមក ស្ថិតនៅភូមិក្រសាំងជ្រុំជើង ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១។

ថ្លែងក្នុងពិធីនោះ លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំ រដ្ឋសភា ព្រឹទ្ធសភា ជាពិសេសពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរដល់បញ្ហាសុខភាព ជីវភាពរស់នៅរបស់បងប្អូននៅគ្រប់កាលៈទេសៈ។

ឆ្លៀតក្នុងឱកាសនេះលោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បានសម្តែងនូវទឹកចិត្តរីករាយដែលបានមកជួប លោកយាយលោកតាព្រមទាំងក្មួយៗទាំង ៣គ្រួសារដោយផ្ទាល់ ជាលើកទី២ ដោយឃើញនូវផ្ទះ ដែលទើបសង់រួចថ្មីៗ ដែលជាសមិទ្ធិផលមួយបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ និងអាជ្ញាធរមូលដ្ឋាន។ នាឱកាសនោះ លោកបានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានចូលបានចូលរួមឧបត្ថម្ភគាំទ្រទាំងស្មារតី ទាំងសំភារៈ និងថវិកា ផ្សេងៗយកមកចែកជូនប្រជាពលរដ្ឋ ដើម្បីជួយសម្រាលទុក្ខលំបាកដល់គ្រួសាររងគ្រោះនាពេលនេះ។

អំណោយដែលពលរដ្ឋរងគ្រោះដោយអគ្គីភ័យចំនួន ៣គ្រួសារដែលត្រូវទទួលបាននៅពេលនេះ រួមមានក្នុង១គ្រួសារទទួលបានថវិកាចំនួន ៥០ម៉ឺនរៀល អង្ករ១០០គីឡូក្រាម អាកុល ម៉ាស មី ត្រីខ ទឹកត្រី ទឹកសុទ្ធ ធុងដាក់ទឹក។

ជាមួយគ្នានោះដែរប្រជាពលរដ្ឋទាំង ៣គ្រួសារ បានសម្តែងនូវក្តីរំភើបរីករាយ និងថ្លែងនូវអំណរអរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាលោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល និងសប្បុរសជន ទាំងអស់ដែលតែងតែជួយ ដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា៕