(ភ្នំពេញ)៖ អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បាននៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ ចេញសេចក្តីបំភ្លឺឲ្យដឹងថា ថ្មីៗនេះ ពិនិត្យឃើញថានៅលើបណ្ដាញសង្គមមានជនអគតិ បានបង្កើតគណនីបង្ហោះរូបភាពកែច្នៃ និងខ្លឹមសារព័ត៌មានមិនពិតដោយបំភ្លៃថា នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ទទួលមរណភាព។
ការផ្សព្វផ្សាយនេះផ្ទុយពីការពិតទាំងស្រុង ដែលបច្ចុប្បន្ននេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន មានសុខភាពរឹងមាំ បាននិងកំពុងបញ្ជាដឹកនាំកម្លាំងនគរបាលជាតិទូទាំងប្រទេស ក្នុងប្រតិបត្តិការក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សារធារណ: និងសុវត្ថិភាពសង្គមជាពិសេស ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងសង្រ្គាមកូវីដ-១៩ ក៏ដូចជាក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ។
អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមប្រកាសបដិសេធ និងច្រានចោលទាំងស្រុងនូវព័ត៌មានប្រឌិត ដែលមិនត្រឹមតែប្រមាថដល់កិត្តិយស អាយុជីវិត របស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ជាមេបញ្ជាការជាន់ខ្ពស់នៃកងកម្លាំងនគរបាលជាតិប៉ុណ្ណោះទេ គឺថែមទាំងមានចេតនាបង្កភាពវឹកវរ ក្នុងជួរកងកម្លាំងនគរបាលជាតិ និងធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សង្គមទៀតផង។
អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សង្កត់ធ្ងន់ថា «យើងខ្ញុំសូមធ្វើការថ្កោលទោសដាច់អហង្ការ ចំពោះទង្វើទុច្ចរិត គ្មានវិចារណញាណរបស់ជនអគតិទាំងនោះ និងស្នើដល់អង្គភាពជំនាញបើកការស៊ើបអង្កេតស្រាវជ្រាវ ស្វែងរកជនល្មើសរួមទាំងបក្សពួក និងមេក្លោងយកមកផ្តន្ទាទោស តាមច្បាប់ជាធរមាន»។
ជាមួយគ្នានេះ អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអំពាវនាវសាធារណជន អ្នកសារព័ត៌មាន ពិសេសបណ្ដាញទំនាក់ទំនងសង្គម សូមកុំយល់ច្រឡំ និងស្នើសុំកុំចូលរួមចែករំលែកព័ត៌មានក្លែងក្លាយនេះ ដើម្បីចៀសវាងបង្កការលំបាក ក្នុងការអនុវត្តភារកិច្ចស្រាវជ្រាវ របស់នាយកដ្ឋានជំនាញ និងអាចប្រឈមមុខ ចំពោះការអនុវត្តគោលការណ៍ជំនាញរបស់មន្ត្រីអនុវត្តច្បាប់៕