(សៀមរាប)៖ ដោយពុំមានករណីសង្ស័យ ឬវិជ្ជមានកូវីដ-១៩ រដ្ឋបាលខេត្តសៀមរាបបានអនុញ្ញាតឲ្យអ្នកពាក់ព័ន្ធនឹងទីតាំង ៤កន្លែង នៅក្រុងសៀមរាប មានមន្ទីរសម្រាកព្យាបាល ៧៧៧ សៀមរាប, មន្ទីពហុព្យាបាលសុខភាព, បន្ទប់ពិគ្រោះព្យាបាលជំងឺ ទូច កូ និងបន្ទប់ថែទាំវេជ្ជសាស្ត្រ ចាវ ចាន់ ក្នុងក្រុងសៀមរាប វិលត្រឡប់ទៅផ្ទះរៀងខ្លួនវិញហើយ បន្ទាប់ពីពាក់ព័ន្ធដោយប្រយោលជាមួយអ្នកជំងឺកូវីដ១៩ ដែលចូលទៅកាន់ទីតាំងទាំងនេះ។
នាយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប និងលោក ស៊ុន ចំណាន នាយកទីចាត់ការរដ្ឋបាលខេត្ត បាននាំយកសេចក្តីជូនដំណឹង ស្ដីពីការអនុញ្ញាតនេះ ទៅប្រគល់ជូនម្ចាស់ទីតាំងព្យាបាល និងថែទាំសុខភាពចំនួន ៤កន្លែងនោះ។ មន្ទីរសម្រាកព្យាបាល ៧៧៧ សៀមរាប ស្ថិតនៅភូមិសាលាកន្សែង, មន្ទីរពហុព្យាបាលសុខភាព ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ, បន្ទប់ពិគ្រោះព្យាបាលជំងឺ ទូច កូ ស្ថិតនៅភូមិទក្សិណត្បូង និងបន្ទប់ថែទាំវេជ្ជសាស្ត្រ ចាវ ចាន់ ស្ថិតនៅភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
លោក នួន ពុទ្ធារ៉ា បានបង្ហាញថា យោងតាមលទ្ធផលធ្វើតេស្ត ៤ដង បញ្ជាក់ថា អ្នកពាក់ព័ន្ធនឹងទីតាំងទាំង៤នេះ ពុំមានវិជ្ជមានជំងឺកូវីដ-១៩ឡើយ។ ទោះបីមានការអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញយ៉ាងនេះក្ដី ក៏អាជ្ញាធរបានតម្រូវឱ្យពលរដ្ឋទាំងនោះត្រូវបន្តធ្វើចត្តាឡីស័ក ១៤ថ្ងៃ នៅតាមផ្ទះរៀងៗខ្លួនទៀតដែរ។
គួរបញ្ជាក់ដែរថា នៅពេលដំណាលគ្នានេះ រដ្ឋបាលខេត្តក៏បានចេញសេចក្តីជូនដំណឹងបើកការធ្វើដំណើរចេញ-ចូលឡើងវិញ នៅភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បន្ទាប់ពីភូមិសាស្ត្រនេះបានបិទការធ្វើដំណើរចេញចូល កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ក្រោយពីរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ លើបុរសម្នាក់រស់នៅក្នុងភូមិនេះ៕