បំណែកសង្ស័យថាជារបស់ MH370 ត្រូវបញ្ជូលទៅអូស្ត្រាលី ដើម្បីពិនិត្យរកការពិត
03-03-2016 10:34
(កង់ប៊ែរ៉ា)៖ សល់តែ ប្រាំថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ខួបទី ២ឆ្នាំ នៃការបាត់យន្តហោះម៉ាឡេស៊ី MH370 ជាមួយនឹងមនុស្ស ២៣៩ នាក់នោះហើយ ប៉ុន្តែក្តីសង្ឃឹមថ្មីមួយទៀតបានកើតឡើង ក្រោយពីបំណែកយន្តហោះ មួយត្រូវបានរកឃើញនៅប្រទេស ម៉ូហ្សាំប៊ីក (Mozambique) ដែលបាននិងកំពុងបញ្ជូនទៅកាន់ប្រទេសអូស្ត្រាលី ដើម្បីពិនិត្យថា តើវាជារបស់ MH370 មែន ឬក៏មិនមែន។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមីនា ឆ្នាំ២០១៦។
គួរបញ្ជាក់ថា បំណែកដែលមានប្រវែងប្រហែល មួយម៉ែត្រខាងលើនេះត្រូវបានរកឃើញកាលពីបីថ្ងៃមុខ ដោយអ្នកទេសចរ អង់គ្លេសម្នាក់ នៅលើឆ្នេរនៃប្រទេស ម៉ូហ្សាំប៊ីក ដែលជាប្រទេសមួយស្ថិតនៅតំបន់ អាហ្វ្រិកភាគអាគ្នេយ៍ ជាប់នឹងមហាសមុទ្រឥណ្ឌា ដែលក្រុមរុករក បានដាក់ការសង្ស័យថា ជាកន្លែងដែលយន្តហោះ MH370 បាត់ខ្លួនកាលពីពីរឆ្នាំមុននោះ។ យ៉ាងណាក៏ដោយ ការពិតនឹងត្រូវបង្ហាញចេញ ក្រោមពីក្រុមជំនាញអូស្ត្រាលី ធ្វើការពិនិត្យក្នុងពេលឆាប់ៗនេះ៕