(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ក្នុងរយៈពេលពីរយប់ដំបូងនៃការអនុវត្តតាមបម្រាមគោចរ កម្លាំងសមត្ថកិច្ចនៅតាមខណ្ឌទាំង ១៤ ឃាត់បានយានយន្តដែលបំពាននឹងបម្រាមគោចរនេះ សរុបចំនួន ១៥៤គ្រឿង ក្នុងនោះមានម៉ូតូ ១២៩គ្រឿង ត្រីចក្រយាយន្ត ៧គ្រឿង (PassApp) រថយន្ត ១៨គ្រឿង។
ដំបូងឡើយ រដ្ឋបាលរាជធានីភ្នំពេញបានកំណត់ថា ប្រសិនបើមានយានយន្តណាបំពាននឹងបម្រាមគោចរនេះ អាជ្ញាធរនឹងឃាត់ទុកយានយន្តទាំងនោះរយៈពេល ១៤ថ្ងៃ។ ប៉ុន្តែបន្ទាប់ពីពិនិត្យ និងសាកសួរទៅកាន់ម្ចាស់យានយន្ត ហើយឃើញថាមានហេតុផលសមស្រប លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានសម្រេចឱ្យម្ចាស់យានយន្តមកយកយានជំនិះរៀងៗខ្លួនវិញ។
រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ទៀតថា មូលហេតុដែលប្រគល់យានយន្តទៅម្ចាស់រៀងៗខ្លួនវិញយ៉ាងដូច្នេះ គឺដោយសារករណីខ្លះ ម្ចាស់យានយន្តខ្លះគាត់មិនទាន់បានជ្រួតជ្រាបអំពីការដាក់បម្រាមគោចរនេះ ដោយអ្នកខ្លះគាត់ទើបមកពីខេត្ត, ករណីខ្លះទៀត អ្នកបើកបរត្រូវជាប់បំពេញការងារជាចាំបាច់ អ្នកខ្លះទើបបញ្ចប់ម៉ោងការងារ ដែលត្រូវធ្វើដំណើរផ្លូវឆ្ងាយ ហើយក្នុងពេលធ្វើដំណើរនោះ ឈានចូលដល់ម៉ោងអនុវត្តបម្រាមគោចរ។ ម្យ៉ាងទៀត ដោយឃើញថា ការបំពានបម្រាមគោចររបស់ពួកគាត់មិនមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ១៩ ទើបរដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាសមត្ថកិច្ចក្រោមឱវាទមានការលើកលែងខ្លះដែរ ពោលគឺអនុគ្រោះទៅតាមស្ថានភាពជាក់ស្ដែង។
ទោះជាយ៉ាងណា លោកអភិបាល ឃួង ស្រេង នៅតែទទូចហើយទទូចទៀត គឺសូមឱ្យប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់យានយន្តទាំងឡើយ ត្រូវចូលរួមអនុវត្តតាមបម្រាមគោចរនេះ ដាច់ខាតមិនត្រូវល្មើស ឬបំពានជាលើកទី២ឡើយ ហើយនេះក៏ដើម្បីការពារសុវត្ថិភាពសុខភាពរបស់ពួកគាត់ពីការឆ្លងជំងឺដ៏កាចសាហាវនេះផងដែរ។
សូមជម្រាបថា បម្រាមគោចរនេះ គឺហាមឃាត់ការធ្វើដំណើរចាប់ពីម៉ោង ៨ យប់ ដល់ម៉ោង ៥ ភ្លឺ ក្នុងរយៈពេល១៤ថ្ងៃ លើកលែងក្នុងករណីចាំបាច់ និងបុគ្គលអាទិភាព។ ការអនុវត្តនេះធ្វើឡើងចាប់ពីយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ដោយលោក ឃួង ស្រេង បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវដកហូតមធ្យោបាយធ្វើដំណើរនៅនឹងកន្លែងគោលដៅត្រួតពិនិត្យតែម្ដង។
លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថា បន្ទាប់ដកហូតមធ្យោបាយហើយនោះ ម្ចាស់ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ នៅក្នុងផ្ទះរៀងៗខ្លួន។ នៅពេលធ្វើចត្តាឡីស័ក អាជ្ញាធរមូលដ្ឋានក៏ត្រូវតាមដានត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ក្នុងករណីការអនុវត្តមិនត្រឹមត្រូវ តាមការណែនាំទេនោះ នឹងអនុវត្តនូវការផាកពិន័យតាមច្បាប់តែម្ដង។
ដោយឡែក សម្រាប់បុគ្គលដែលបម្រើការងារនៅស្ថាប័នរដ្ឋ និងឯកជន ដែលចេញពីធ្វើការក្រោយម៉ោង ៨ យប់ គឺត្រូវមានលិខិតបញ្ជាក់ពីប្រធានអង្គភាព ស្ថាប័ន ឬក្រុមហ៊ុន ពិសេសរាល់ពេលធ្វើដំណើរ ត្រូវពាក់បណ្ណសម្គាល់ខ្លួន (ID Card) ជាប់ខ្លួនជានិច្ច។ ក្នុងករណីក្រុមហ៊ុនមានបុគ្គលដែលត្រូវចេញពីធ្វើការយប់ ត្រូវសម្រួលការងាររដ្ឋបាលជូនបុគ្គលិករបស់ខ្លួន ដោយត្រូវចេញលិខិតបញ្ជាក់អំពីពេលវេលាធ្វើការច្បាស់លាស់នៅក្នុងលិខិតនោះ ហើយឲ្យបុគ្គលដាក់តាមខ្លួន រាល់ពេលចេញពីធ្វើការ ព្រោះងាយស្រួលក្នុងការបង្ហាញសមត្ថកិច្ចនៅតាមគោលដៅ។
សម្រាប់ប្រជាពលរដ្ឋទូទៅដែលត្រូវធ្វើដំណើរបន្ទាន់ភ្លាមៗ មិនអាចខានបាន ត្រូវផ្ដល់ដំណឹងជាមុនដល់ចៅសង្កាត់ ឬអាជ្ញាធរមូលដ្ឋាន ដើម្បីឲ្យចៅសង្កាត់ ឬអាជ្ញាធរមូលដ្ឋានងាយស្រួលប្រាប់ទៅតាមគោលដៅត្រួតពិនិត្យនៅតាមដងផ្លូវ ទើបអាចធ្វើបានដោយគ្មានការហាមឃាត់។
មួយវិញទៀត ក្នុងករណីប្រជាពលរដ្ឋត្រូវការធ្វើដំណើរពេលយប់ ក្នុងម៉ោងដែលត្រូវហាមឃាត់ (មិនបន្ទាន់ តែមានកំណត់វេលាច្បាស់លាស់) ត្រូវសុំលិខិតបញ្ជាក់ និងមានវាយត្រាពីចៅសង្កាត់ ឬអាជ្ញាធរមូលដ្ឋាន ដោយប្រាប់អំពីមូលហេតុ និងគោលបំណងនៃការធ្វើដំណើរ ដើម្បីបង្ហាញជូនសមត្ថកិច្ចនៅតាមគោលដៅត្រួតពិនិត្យ។
ដើម្បីឲ្យអស់មន្ទិលសង្ស័យ និងងាយស្រួលក្នុងការបកស្រាយចម្ងល់ជូនប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសដាក់ប្រើប្រាស់នូវលេខទូរស័ព្ទ Hotline និងលេខ ៣ ប្រព័ន្ធផ្សេងទៀត ដើម្បីឲ្យប្រជាពលរដ្ឋទំនាក់ទំនងសួរសំណួរបន្ថែម នៅពេលមានចម្ងល់ណាមួយជុំវិញការអនុវត្តនូវបម្រាមគោចរដែលបានដាក់ចេញនេះ។
លេខទាំងនោះ រួមមាន៖
* ទី១៖ Hotline 1299
* ទី២៖ 098 379 777
* ទី៣៖ 077 856 966
* ទី៤៖ 099 429 040