(កំពង់ស្ពឺ)៖ លោក ជា សុខនី នាយករងខុទ្ទកាល័យ តំណាងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចុះទៅសំណេះសំណាលជាមួយនាយទាហាន ពលទាហាន នៃបញ្ជាការដ្ឋានការពារកោះឆ្នេរ ចំនួន ១.៤៣៥ នាក់ ស្ថិតនៅក្នុងឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលជាសម្ព័ន្ធមេត្រីភាពរបស់ក្រសួងធនធានទឹក និងឧតុនិយម។ សកម្មភាពបានធ្វើឡើងនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១។
ក្នុងនាមជាសម្ព័ន្ធមេត្រីភាព តាមរយៈលោក ជា សុខនី លោករដ្ឋមន្ត្រីធនធានទឹក បានផ្តាំសួរសុខទុក្ខកងទ័ព និងប្តេជ្ញានៅតែបន្តការជួយឧបត្ថម្ភគាំទ្រដល់បញ្ជាការដ្ឋាន ទាំងស្មារតី សម្ភារៈ និងថវិកា ដើម្បីជួយលើកកម្ពស់នូវជីវភាពរបស់កងទ័ព គ្រួសារកងទ័ព និងការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្នុងបញ្ជាការដ្ឋាន ក្នុងន័យសម្តែងនូវការដឹងគុណចំពោះកងទ័ពទាំងអស់ ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីការពារសុខសន្តិភាព សេចក្តីសុខក្សេមក្សាន្ត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាជាតិមាតុភូមិ។
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនេះ លោករដ្ឋមន្រ្តី ក៏បានឧបត្ថម្ភដល់បណ្តាកងពលផ្សេងទៀត ដែលជាសម្ព័ន្ធមេត្រីភាពរបស់ក្រសួងធនធានទឹក និងឧតុនិយម រួមមាន៖
១៖ បញ្ជាការដ្ឋានការពារកោះឆ្នេរ ចំនួន ១.៤៣៥ នាក់
២៖ កងវរសេនាតូចលេខ ១ (ថ្មធំ) ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ចំនួន ១១២ នាក់
៣៖ កងវរសេនាតូចលេខ ២ (អានសេះ) ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ចំនួន ១៨៦ នាក់
៤៖ កងវរសេនាតូចលេខ ០១ និងលេខ ០២ ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ ឈរជើងតាមបន្ទាត់ព្រំដែនដែនទិសប្រាសាទតាក្របី ចំនួន ២៦០ នាក់ ដោយនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០ ម៉ឺនរៀល៕