(មណ្ឌលគិរី)៖ ឈើរាប់រយម៉ែត្រគូប នៅក្នុងក្រុមហ៊ុនយូនីគ្រីន ដែលជាក្រុមហ៊ុនទទួលបាន សិទ្ធិវិនិយោគលើដីសម្បទានសេដ្ឋកិច្ចនៅ ស្រុកកោះញែក ត្រូវបានភ្លើងឆេះស្ទើរទាំងស្រុង កាលពីយប់មិញនេះទាំងមិនដឹងមូលហេតុ។
លោក វង់ សុកសិរី នាយខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី បានប្រាប់ Fresh News ឱ្យដឹងនៅព្រឹកព្រលឹម ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០ ១៦នេះថា ការឆាបឆេះនេះនៅពុំទាន់ដឹងពីមូលហេតុនោះនៅឡើយទេ ហើយក៏ពុំទាន់បានដឹងពីទំហំ នៃការឆេះផងដែរ ហើយ លោកកំពុងធ្វើដំណើរទៅកាន់កន្លែងកើតហេតុ។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ក៏បានថ្លែងប្រាប់នៅព្រឹកនេះដែរថា លោកកំពុងចុះទៅពិនិត្យកន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវរកមូលហេតុ។
ការឆាប់ឆេះឈើនៅក្រុមហ៊ុនខាងលើនេះ ត្រូវបានគេអះអាងថា ឆេះអស់ប្រមាណជា ៧០ភាគរយ ហើយរហូតដល់ពេលនេះគ្មាន នណាម្នាក់ធ្វើការអះអាងថា ការឆេះឈើនេះបណ្តាលមកពីមានអ្នកលួចដុត ឬ បណ្តាលមកពីភ្លើងឆេះព្រៃនោះទេ។
លោក ឈួន សេរីវឌ្ឍន៍ នាយផ្នែករដ្ឋបាលព្រៃឈើកោះញែក មិនអាចសុំការបញ្ជាក់បាននោះទេ ដោយទូរស័ព្ទរបស់លោកខលចូល ហើយគ្មានអ្នកលើក។
សូមបញ្ជាក់ថា នៅគ្រាដែលគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ដឹកនាំដោយនាយឧត្តមសេនីយ៍ សៅ សុខា ចុះស្រាវជ្រាវ និងបង្រ្កាបទល្មើសកាប់បំផ្លាញព្រៃឈើ កាលពីចុងខែមករា កន្លងទៅនេះ ឈើជាច្រើនម៉ែត្រគូប នៅក្នុងក្រុមហ៊ុនទទួល បានសិទ្ធិវិនិយោគដីសម្បទានសេដ្ឋកិច្ចចំនួន៣ គឺក្រុមហ៊ុនប៊ិនភឿក១ ក្រុមហ៊ុនកសិកម្មខ្មែរអង្គរ និងក្រុមហ៊ុនដាយណាម ក៏ត្រូវបាន ភ្លើងឆាបឆេះផងដែរ។ ការឆាបឆេះនេះ ត្រូវបានគេដាក់ការសង្ស័យថា ជាសកម្មភាពលួចដុត ដើម្បីគេចផុតពីស្រាវជ្រាវ របស់គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ៕