(ភ្នំពេញ)៖ ថ្ងៃទី០៤ ខែមេសា ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កំណត់យកជាថ្ងៃកំណើតប្រើប្រាស់ផ្លូវការរបស់ខ្លួន។ មកដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ គឺមានរយៈពេល ៥១ឆ្នាំហើយ នៃការជ្រើសរើសយកថ្ងៃខែឆ្នាំនេះធ្វើជាថ្ងៃខែកំណើត។
តាមពិតទៅសម្តេចតេជោ ហ៊ុន សែន បានកើតនៅវេលាម៉ោង១២យប់ថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ ២៤៩៦ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២។ ចុះហេតុអ្វីក៏ត្រូវប្រើថ្ងៃទី០៤ ខែមេសា ជាថ្ងៃកំណើតប្រើប្រាស់ផ្លូវការទៅវិញ?
ថ្ងៃទី០៤ ខែមេសា គឺជាថ្ងៃដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចចិត្តដើរចូលព្រៃម៉ាគី តាមការអំពាវនាវរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដើម្បីរំដោះព្រះរាជបល័្លង្ក និងដណ្តើមយករបបរាជានិយមមកវិញ ក្រោយរបបនេះត្រូវបានក្រុមបក្ខពួកសេនាប្រមុខ លន់ នល់ ដែលមានការគាំទ្រពីចក្រព័ត្រអាមេរិក ប្លន់ និងដណ្តើមយកទៅនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានរំលឹកថា នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៧០ ថ្ងៃដើរចូលព្រៃតស៊ូនោះ ពេលចូលដល់ជំរំក្នុងព្រៃជ្រៅមេដឹកនាំបានឱ្យសម្តេច និងក្រុមអ្នកតស៊ូជាង ៣០០នាក់ ធ្វើប្រវត្តិរូប។ ដោយពុំចាំថ្ងៃខែកំណើតរបស់ខ្លួន សម្តេចក៏បានយកថ្ងៃ៤ មេសា ដែលជាថ្ងៃចូលតស៊ូធ្វើជាថ្ងៃកំណើតតែម្តង ហើយបានប្រើប្រាស់ថ្ងៃខែនេះរហូតដល់បច្ចុប្បន្ន។ ការសម្រេចចិត្តនេះ ក៏បានធ្វើឱ្យសម្តេចតេជោ ក្លាយជាមេដឹកនាំកម្ពុជា ដែលមានថ្ងៃកំណើតពីរ ខែកំណើតពីរ និងឆ្នាំកំណើតពីរផងដែរ។
តេជោសែន កុលបុត្រខ្មែរដែលកើតលើដែនដីជនបទតាមបណ្តោយដងទន្លេមេគង្គ និងធំធាត់ដឹងក្តី ក្នុងរបបរាជានិយមក្រោមការដឹកនាំរបស់សម្តេច នរោត្តម សីហនុ ដើមឡើយមានបំណងត្រឹមធ្វើជាគ្រូបង្រៀនដ៏សាមញ្ញមួយរូបតែប៉ុណ្ណោះ ក្នុងពេលដែលសង្គមជាតិកំពុងមានសុខសន្តិភាព និងដំណើរឆ្ពោះរកការអភិវឌ្ឍនាពេលនោះ។
តែឥទ្ធិពលនៃការពង្រីកភាពជាមហាអំណាចនៅតំបន់អាស៊ី របស់សហរដ្ឋអាមេរិក និងការស្រេកឃ្លានអំណាចរបស់ក្រុមបនក្បត់សេនាប្រមុខ លន់ នល់ និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ បានបំផ្លាញនូវសុខសន្តិភាពជាតិ ឈានទៅធ្វើរដ្ឋប្រហារដោយខុសច្បាប់នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដណ្តើមយករបបសង្គមរាស្ត្រនិយម និងបំផ្លាញចោលរាជានិយមនៅកម្ពុជាផងដែរ។
រដ្ឋប្រហារដែលមានការជួយជ្រោមជ្រែងទាំងគំនិត ថវិកា និងល្បិចកិច្ចកលពិសពុលពីសហរដ្ឋអាមេរិក បាននាំសង្គមកម្ពុជាធ្លាក់ចូលទៅក្នុងភាពអន្តរាយ ពលរដ្ឋដែលធ្លាប់សុខសាន្ត ប្រែក្លាយទៅជាស្គាល់តែទុក្ខសោក។ សម្តេចតេជោ និងអ្នកស្ម័គ្រស្មោះសម្តេច នរោត្តម សីហនុ ស្ម័គ្រស្មោះរបបរាជានិយម បានសុខចិត្តលះបង់នូវក្តីសុខក្នុងយុវភាពរបស់ខ្លួនចូលព្រៃតស៊ូ ដើម្បីដណ្តើមអំណាចគ្រប់គ្រង និងរាជបល្ល័ង្កត្រឡប់មកវិញ ពីរបបខុសច្បាប់គាំទ្រដោយអាមេរិក។
លើសមរភូមិប្រយុទ្ធដើម្បីរបបរាជានិយម ដើម្បីរាជវង្ស ដើម្បីព្រះវររាជបិតាឯករាជ្យជាតិខ្មែរ, សម្តេចតេជោ បានរងរបួសលើសមរភូមិ និងធ្លាក់ខ្លួនពិការភ្នែកខាងឆ្វេងដោយសារតែអំបែងគ្រាប់កាំភ្លើងធំ លើសមរភូមិក្នុងខេត្តកំពង់ចាម នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥ មួយថ្ងៃមុននៃចលនាតស៊ូវាយដណ្តើមយករាជធានីភ្នំពេញបានទាំងស្រុង ពីក្រុមសេនាប្រមុខ លន់ នល់។ នេះជាមរតកដ៏ខ្លោចផ្សារមួយសម្រាប់តេជោសែន ហើយបន្សល់មកដល់ពេលបច្ចុប្បន្ននេះ។
ការបាត់បង់កែវភ្នែកម្ខាងលើសមរភូមិតស៊ូរំដោះយករបបរាជានិយម និងយករាជបល្ល័ង្កថ្វាយសម្តេច នរោត្តម សីហនុ ជារឿងឈឺចាប់ និងខ្លោចផ្សារណាស់ទៅហើយ។ តែអ្វីដែលកាន់តែធ្វើឱ្យយុទ្ធជនរូបនេះ ឈឺចាប់ និងខ្លោចផ្សារខ្លាំងថែមទៀតនោះ គឺការតស៊ូរបស់ខ្លួនមិនបានដូចបំណងប្រាថ្នា ព្រោះជ័យជម្នះត្រូវបានបនក្បត់ ប៉ុលពត បន្តប្លន់យក ដោយមិនបានប្រគល់អំណាចជូនសម្តេច នរោត្តម សីហនុ ហើយរាជបល្ល័ង្ក និងរបបរាជានិយមត្រូវបានកប់ចោលដដែល។
បើទោះបីជាត្រូវបរាជ័យ និងខកបំណងក្នុងការដណ្តើមរបប និងរាជបល្ល័ង្កមកថ្វាយសម្តេច នរោត្តម សីហនុ វិញយ៉ាងណាក្តី។ តែដួងចិត្តដ៏ស្វាមីភក្តិចំពោះរាជបល្ល័ង្ក ចំពោះសម្តេច នរោត្តម សីហនុ មិនបានបាត់បង់នោះឡើយ សម្រាប់សម្តេចតេជោ ហ៊ុន សែន។
ឆ្លងកាត់ដំណាក់កាលតស៊ូ និងការលំបាកជាច្រើននៃព្រឹត្តិការណ៍នយោបាយជាតិជិត២០ឆ្នាំ ទីបំផុតទៅសម្តេចតេជោ ហ៊ុន សែន បានសម្រេចបំណងប្រាថ្នារបស់ខ្លួន ដោយនាំមកវិញនូវរបបរាជានិយម និងរាជបល្ល័ង្កថ្វាយព្រះវររាជបិតាឯករាជ្យជាតិខ្មែរ នរោត្តម សីហនុ នៅឆ្នាំ១៩៩៣ និងនាំមកនូវភាពសុខុដមក្នុងសង្គមខ្មែរផងដែរ។
នៅក្នុងអំណាចដឹកនាំរាជរដ្ឋាភិបាលតាំងពីឆ្នាំ១៩៩៣ ក្រោយរបបរាជានិយមបង្កើតឡើងវិញ សម្តេចតេជោ ហ៊ុន សែន តែងបានប្រកាសប្តូរផ្តាច់ក្នុងការការពាររបបនេះមិនឱ្យមានការផ្តួលរំលំជាថ្មីនោះឡើយ។
ក្នុងពេលជួបជាមួយប្រជាពលរដ្ឋខ្មែរនៅប្រទេសស្វីស កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ សម្តេចតេជោ បានប្រកាសពីការប្តេជ្ញាការពាររាជបល្ល័ង្ក និងរបបរាជាយ៉ាងដូច្នេះ៖ «ដោយសារធ្លាប់រស់នៅក្នុងរបបរាជានិយម ហើយក៏ដោយសារធ្លាប់ចូលព្រៃតាមការអំពាវនាវរបស់ព្រះមហាក្សត្រ ខ្ញុំត្រូវតែរួមចំណែកបង្កើតឡើងវិញ នូវរបបរាជានិយមនេះឯង។ ខ្ញុំបាននិយាយហើយ និយាយទៀត បើចង់បំផ្លាញរាជបល្ល័ង្ក ចង់បំផ្លាញរាជានិយម ត្រូវកន្លងសពរបស់ ហ៊ុន សែន សិន ខ្ញុំបានផ្តាំកូនផ្តាំចៅរបស់ខ្ញុំថា ត្រូវតែការពាររបបរាជានិយម»។
ក្រៅតែពីបង្ហាញការប្តេជ្ញាចិត្តការពាររាជបល្ល័ង្ក និងរាជវង្សហើយនោះ សម្តេចតេជោ ក៏ជាមេដឹកនាំមួយរូប បានប្រកាសប្រឆាំងដាច់ខាតចំពោះការប្រមាថលើព្រះមហាក្សត្រ និងរាជវង្ស ពីអ្នកនយោបាយ និងជនគ្មានសីលធម៌មួយចំនួន ដែលពួនសម្ងំនៅក្រៅប្រទេស។
ស្វាមីភក្តិរបស់សម្តេចតេជោ ចំពោះរាជបល្ល័ង្ក និងរបបរាជានិយម នាំឱ្យសម្តេចទទួលបានការកោតសរសើរខ្លាំងពីព្រះវររាជបិតាឯករាជ្យជាតិខ្មែរ នរោត្តម សីហនុ, ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ក៏ដូចជាព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ ភក្តីភាពនេះ សម្តេចតេជោ ត្រូវបានសម្តេច នរោត្តម សីហនុ ជ្រើសយកធ្វើកូនធម៌ផងដែរ។
ក្រៅតែពីរស្មគ្រស្មោះ និងភក្តីភាពចំពោះរាជបល្ល័ង្កហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏ជាខេមរបុត្រដែលស្ម័គ្រស្មោះចំពោះជាតិ និងប្រជាជន។ ភក្តីភាព និងភាពស្មោះត្រង់នេះ បានជំរុញឱ្យប្រមុខដឹកនាំរាជរដ្ឋាភិបាលរូបនេះ ប្រឹងប្រែងអស់កម្លាំងចិត្ត ដើម្បីកសាងអភិវឌ្ឍជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យល្អប្រសើរ និងរុងរឿង។ គេចផុតពីប្រជាជាតិមានឋានៈអន់ថយ និងមានកិត្តិយសថ្លៃថ្នូរពោរពេញដោយឧត្តមភាពនាពេលបច្ចុប្បន្ន។
គំរូវីរភាពនៃការដឹកនាំរបស់សម្តេចតេជោ បានធ្វើឱ្យមានការស្ញប់ស្ញែងកោតសរសើរជាខ្លាំងពីសម្តេចព្រះបរមរតនកោដ្ឋ សម្តេចព្រះវររាជមាតាជាតិខ្មែរ និងព្រះមហាក្សត្រខ្មែរ។
នៅក្នុងព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៩០ព្រះវស្សា និងខួបលើកទី២០ នៃព្រះរាជមាតុភូមិនិវត្តន៍កាន់មាតុប្រទេសសាជាថ្មីកាលពីឆ្នាំ២០១១ សម្តេច នរោត្តម សីហនុ បានមានព្រះរាជបន្ទូលកោតសរសើរការដឹកនាំរបស់សម្តេចតេជោ យ៉ាងដូច្នេះ «សូមកោតសរសើរជាអតិបរមាដល់ហ្លួងយើង ដល់រាជរដ្ឋាភិបាលយើង ដែលមានសម្តេច ហ៊ុន សែន ជាប្រមុខ ដល់រដ្ឋសភាយើង សភាតូច សភាធំ ដល់រាស្ត្រយើងគ្រប់ជាន់ថ្នាក់ទាំងអស់ គ្រប់មជ្ឈដ្ឋានទាំងអស់ ដែលព្រះមេត្តា បង្ហាញឱ្យពិភពលោក លោកឃើញច្បាស់ថា កម្ពុជាយើងសព្វថ្ងៃបានលូតលាស់គ្មានឈប់ឈរគ្រប់វិស័យកសាងជាតិជូនជនរួមជាតិ ជូនរាស្ត្រ។ ពិភពលោកឃើញច្បាស់លាស់ត្រង់ហ្នឹង គឺថា យើងរួបរួមគ្នាល្អណាស់ក្នុងការកសាងជាតិ ស្រាយបញ្ហាជាតិ បញ្ហាជូនរាស្ត្រ មានរាស្ត្រក្រីក្រជាដើម»។
ព្រះអង្គមានព្រះរាជបន្ទូលបន្តថា «ហ្លួង រាជរដ្ឋាភិបាល កងយោធពលខេមរភូមិន្ទ ប្រជារាស្ត្រ ប្រជាជាតិយើងទាំងអស់ ខំគ្មានឈប់ឈរទេ ពួតដៃគ្នាកសាងជាតិ ដើម្បីកម្ពុជាយើងប្រាសចាកជាដាច់ខាតអំពីឋានៈទន់ខ្សោយ ទៅកាន់ជាអតិបរមា កាន់ជានិរន្តនូវឋានៈជាអំណាចមួយក្នុងពិភពលោក។ នេះជាការល្អណាស់ ការរួបរួមគ្នាតែធ្លុងមួយ ដើរតែផ្លូវមួយ គឺល្លួង រាជរដ្ឋាភិបាល មានឯកឧត្តម ហ៊ុន សែន ជាប្រមុខ សភា ប្រជាជាតិ ប្រជារាស្ត្រយើងទាំងអស់រួបរួមគ្នា»។
ក្នុងព្រះរាជសារជូនពរសម្តេចតេជោក្នុងថ្ងៃខួបកំណើត ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ បានមានព្រះរាជបន្ទូលគូសបញ្ជាក់ថា «សម្តេចអគ្គមហាសេនាបតីតេជោ ជាប្រមុខដឹកនាំជាតិដ៏ឈ្លាសវៃ និងប៉ិនប្រសប់បំផុត ក្នុងការកសាងសមិទ្ធផលជាតិលើគ្រប់វិស័យ ទទួលបាននូវមហាជោគជ័យ ដើម្បីជាឧត្តមប្រយោជន៍ប្រជាជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា ព្រមទាំងបានខិតខំបំបាត់ភាពក្រីក្រក្នុងសង្គមជាតិ និងលើកតម្កើងកិត្យានុភាព នៃប្រជាជាតិយើង នៅលើឆាកអន្តរជាតិ»។
ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហនុ បានវាយតម្លៃចំពោះការដឹកនាំរបស់សម្តេចតេជោយ៉ាងដូច្នេះ «ខ្ញុំមានហឫទ័យសោមនស្សរីករាយ សូមកោតសរសើរដ៏ខ្ពង់ខ្ពស់ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ដែលមានវីរភាពដ៏ឧត្តុង្គឧត្តម មានគុណបំណាច់ដ៏ថ្លៃថ្លា ក្នុងភារកិច្ចជាអគ្គមគ្គុទេសក៏ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិរីកចម្រើនលើគ្រប់វិស័យ ទទួលបាននូវភាពល្បីរន្ទឺនៅលើឆាកអន្តរជាតិ»។
ព្រះអង្គបានមានព្រះបន្ទូលបន្តថា «ប្រជារាស្រ្តកម្ពុជា ក៏ដូចជាខ្ញុំ មានការពេញហឫទ័យណាស់ ចំពោះវឌ្ឍនភាពឥតឈប់ឈរទាំងយប់ ទាំងថ្ងៃ ក្រោមការដឹកនាំប្រកបដោយទេពកោសល្យរបស់ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា»។
ក្នុងឱកាសចម្រើនជន្មាយុនៃថ្ងៃដែលសម្តេចតេជោ បានដាក់ខ្លួនដើម្បីដណ្តើមរបបរាជានិយម និងរាជបល្ល័ង្កនេះ ព្រះមហាក្សត្រ និងព្រះមហាក្សត្រី បានប្រទានពរដល់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី ទទួលបានមហាជោគជ័យថ្មីៗថែមទៀត ក្នុងបេសកកម្មឧត្តុង្គឧត្តម ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាជាតិ និងប្រជារាស្រ្តកម្ពុជា និងសូមបានប្រកបដោយពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ។
ភក្តីភាព ភាពស្មោះត្រង់ និងស្មោះស្ម័គ្ររបស់សម្តេចតេជោ ហ៊ុន សែន ចំពោះព្រះរាជា ចំពោះរាជបល្ល័ង្ក បាននាំឱ្យសង្គមខ្មែរ បានជួបតែសុខសុភមង្គល ការរួបរួម និងការចម្រើនលូតលាស់រយៈពេលជាង២០ឆ្នាំមកហើយ។ សូមឱ្យគំរូវីរភាពនៃភាពជាអ្នកស្ម័គ្រស្មោះរបស់សម្តេចតេជោសែន ចំពោះជាតិ ចំពោះរាជា ចំពោះរាជបល្ល័ង្ក ចំពោះប្រជារាស្ត្រ បន្តជ្រូតជ្រាបទៅកុលបុត្រខ្មែរគ្រប់ជំនាន់ ដើម្បីភាពសុខដុមក្នុងសង្គមកម្ពុជា៕
ដោយ៖ វ៉ាន់ សារាយ