(ភ្នំពេញ)៖ លោក សុះ មុះសិន សមាជិករដ្ឋសភា អនុប្រធាន ស.ស.យ.ក. និងជាប្រធានសមាគមគ្រូពេទ្យឥស្លាមកម្ពុជា បាននាំយកម៉ាស់ ជែលសម្អាតដៃ និងអាល់កុល ដែលជាអំណោយពីប្រជាជនកូវ៉ែត តាមរយៈសមាគមសម្របសម្រួល និងអភិវឌ្ឍន៍សង្គម ជូនដល់មន្ទីពេទ្យគន្ធបុប្ផា ដើម្បីចែកជូនគ្រូពេទ្យ និងអ្នកមើលថែកុមារ សម្រាប់ប្រើប្រាស់ក្នុងការការពារពីជំងឺឆ្លងទាំងឡាយ ពិសេសគឺជំងឺកូវីដ-១៩។
ការប្រគល់នេះមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមការងារខ្មែរឥស្លាមជាច្រើនរូប នាល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ នៅឯមន្ទីរពេទ្យគន្ធបុប្ផា។
បើតាមលោក សុះ មុះសិន ការផ្តល់សម្ភារទាំងអស់នេះ គឺក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលនេះសបញ្ជាក់ឱ្យឃើញពីតម្លៃនៃបេះដូងរបស់សហគមមូស្លីមនៅបរទេស និងសហគមខ្មែរឥស្លាម តែងតែយកចិត្តទុកដាក់ជួយជ្រោមជ្រែងដោយមិនរើសអើងឡើយ ដែលនេះជាគោលការណ៍សម្រាប់សាសនាឥស្លាមគឺ «ធ្វើអំពើល្អ» មានក្ដីមេត្តា និងជួយសង្រ្គោះ។
លោកបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការទាំងយប់ទាំងថ្ងៃក្នុងការព្យាបាលអ្នកជំងឺ និងយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ដែលបាននិងកំពុងធ្វើចត្តាឡីស័កនៅទូទាំងប្រទេស ដែលសកម្មភាពនេះ គឺជាការគិតគូរយ៉ាងហ្មត់ចត់ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន មកកាន់ប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងន័យធ្វើយ៉ាងណាទប់ស្កាត់មិនឱ្យមេរោគនេះឆ្លងរីករាលដាលដល់ប្រជាពលរដ្ឋ។
លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តតាមវិធាន ៣ការពារ ៣កុំ ឱ្យបានហ្មត់ចត់ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាមកភិបាលកម្ពុជា។
ទន្ទឹមនឹងនេះដែរ លោក Nasr Hasan Khaleel Abu Jwaied តំណាងសមាគមពិភពលោកនៃក្តីមេត្តានៃប្រទេសកូវ៉ែតប្រចាំនៅកម្ពុជា ក៏បានថ្លែងកោតសរសើរពីរាជរដ្ឋាភិបាលកម្ពុជាដែលបានគិតគូរយកចិត្តទុកដាក់ មានសុខដុមនីយកម្មសាសនាល្អបំផុត បើកឱកាសទូលាយដល់ខ្មែរឥស្លាមគ្រប់រូប ក្នុងការគោរពប្រណិបត្តិតាមសាសនាឥស្លាមយ៉ាងពេញលេញ ដែលនេះសបញ្ជាក់ឱ្យឃើញពីបេះដូងសន្តិភាពពិតប្រាកដរបស់ថ្នាក់ដឹកនាំប្រទេសជាតិកម្ពុជា។
លោកថា នឹងនៅតែបន្តកៀរគរសប្បុរសជននៃរដ្ឋកូវ៉ែតនូវការផ្ដល់ជាជំនួយមនុស្សធម៌តាមការគ្រោងទុក និងបំផុសឱ្យមានស្មារតីចេះជួយគ្នា និងជួយប្រជាជនកម្ពុជាឱ្យបានកាន់តែច្រើនឡើងៗ។
គួរជម្រាបថា អំណោយសប្បុរសជននៃប្រទេសកូវ៉ែតដែលផ្ដល់ជូនមន្ទីរគន្ធបុប្ផា រួមមាន ម៉ាស់ ១,៣០០ ប្រអប់ ស្មើនឹង ៦៥,០០០ បន្ទះ ជែលលាងដៃ ១,៣០០ ដប និងទឹកអាល់កុល ៩០០ លីត្រ៕