(តាកែវ)៖ អ្នកជំងឺកូវីដ១៩ ឈ្មោះ ហ៊ីង សាមួន (ចុងភៅការ) រស់នៅភូមិព្រិច សង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដោយបានទៅធ្វើចុងភៅ ក្នុងមង្គលការនៅស្រុកសំរោង ខេត្តតាកែវ ដែលបុគ្គល កក្កដា សោភ័ណ្ឌ ទៅចូលរួមនោះ ពេលនេះបានជាសះស្បើយ ពីជំងឺកូវីដ១៩ វិញហើយ តែគ្រូពេទ្យបានតម្រូវឱ្យគាត់ ធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល ១៤ថ្ងៃបន្តទៀត។
យោងតាមលោក នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ ដែលបានឱ្យដឹងនាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ថា ក្រុមគ្រូពេទ្យបានបញ្ជូនគាត់ត្រឡប់ទៅផ្ទះវិញហើយ ក៏ប៉ុន្តែតម្រូវឱ្យគាត់ធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល ១៤ថ្ងៃបន្តទៀត។
គួរបញ្ជាក់ថា បុរសជាចុងភៅការខាងលើ បានទៅធ្វើចុងភៅនៅពិធីមង្គការនៅក្នុងភូមិក្រាំងលាវ ឃុំរៀង ស្រុកសំរោង ដែលបុគ្គលឈ្មោះ កក្កដា សោភ័ណ្ឌ បានចូលរួមនៅក្នុងពិធីការនោះ។ បុរសជាចុងភៅត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីបានធ្វើតេស្តចំនួន៣លើក៕