(ពោធិ៍សាត់)៖ ឧត្តមសេនីយ៍ត្រី សូ សុវណ្ណឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានទទួលមរណភាព នៅវេលាម៉ោង០២៖២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ ដោយជំងឺគាំងបេះដូង ក្នុងជន្មាយុ៥៩ឆ្នាំ ពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅរាជធានីភ្នំពេញ។

មេបញ្ជាការរង នាយទាហាន និងនាយទាហានរង នៃកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ទាំងអស់ មានសេចក្ដីរន្ធត់ក្ដុកក្ដួលក្រៀមក្រំជាទីបំផុត ចំពោះមរណភាព របស់លោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណឌី នេះ ។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព និងសូមលើកហត្ថបួងសួង ដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សា ដល់ដួងវិញ្ញាណក្ខន្ធលោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណឌី បានទៅសោយសុខក្នុងសុគតិភពជានិច្ចនិរន្តរ៍តរៀងទៅ។

ដំណឹងនេះចាត់ទុកជាការ និមន្ត យាង គោរពអញ្ជើញ បងប្អូន មិត្តភក្ដិ សាច់ញាតិជិតឆ្ងាយនៃសព ដើម្បីចូលរួមពិធីរំលែកទុក្ខគ្រួសារនៃសព ដែលប្រព្រឹត្តិទៅនៅ គេហដ្ឋាននៃសព ខាងកើតសាលាទួលស្វាយព្រៃ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន រាជធានីភ្នំពេញ៕