(ក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ អមដំណើរដោយអ្នកតំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ និងថ្នាក់ដឹកនាំមន្ត្រីរាជការដែលជាប្រធាន អនុប្រធាន និងជាសមាជិកក្រុមការងារស្រុកព្រែកប្រសព្វ បានចុះទៅជួបជាមួយតំណាងប្រជាពលរដ្ឋប្រមាណ ៥០នាក់ នៅភូមិអូរជ្រៃ ជាភូមិទើបបង្កើតថ្មីដែលបំបែកចេញពីភូមិព្រែកប្រសព្វលើ នៃឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ តាមប្រកាសលេខ ៧៧៣ ប្រក ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ។
ជំនួបនេះមានវត្ថុបំណងសំខាន់គឺ ការស្ទាបស្ទង់មតិរបស់ប្រជាពលរដ្ឋ ដើម្បីជ្រើសរើសមុខសញ្ញាអ្នក ដែលមានលក្ខណៈសម្បត្តិ អាចធ្វើជាបេក្ខជនសម្រាប់ការបោះឆ្នោត របស់ក្រុមប្រឹក្សាឃុំ ក្នុងការជ្រើសរើសប្រធានភូមិថ្មី បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ ក្នុងបរិវេណវត្តព្រះធម្មគង្គា ហៅវត្តភ្នំរអិល ដោយមានការចូលរួមផងដែរ ពីសំណាក់លោកប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលខេត្ត លោកអភិបាលស្រុក និងមន្ត្រីនៅមូលដ្ឋានជាច្រើនរូបទៀត។
បន្ទាប់ពីការថ្លែងមតិសំណេះសំណាល របស់លោករដ្ឋមន្ត្រី ព្រុំ សុខា ដែលបានផ្តល់សារៈសំខាន់ ទៅលើការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការជ្រើសរើសអ្នកដឹកនាំភូមិរួចមក ការបោះឆ្នោតដើម្បីស្ទាបស្ទង់មតិលើមុខសញ្ញា ៦នាក់ ក៏បានដំណើរការទៅដោយរលូន រហូតដល់ពេលបញ្ចប់ពិធី។
សូមបញ្ជាក់ថា ការរៀបចំស្ទាបស្ទង់មតិបែបនេះ ធ្វើឡើងជាគំរូសម្រាប់ភូមិបង្កើតថ្មីដទៃទៀត ក្នុងស្រុកព្រែកប្រសព្វទាំងមូល។
សូមជម្រាបថា ផ្អែកលើសំណើរបស់រដ្ឋបាលខេត្តក្រចេះ ក្រសួងមហាផ្ទៃបានចេញប្រកាសលេខ ៧៧៣ ប្រក ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ដែលចុះហត្ថលេខាដោយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយសម្រេចបង្កើតភូមិថ្មីចំនួន ៣៧ ស្ថិតក្នុងឃុំ សង្កាត់ ១៧ នៃស្រុក ក្រុង ០៥ ក្នុងខេត្តក្រចេះ។
មកទល់បច្ចុប្បន្ន ខេត្តក្រចេះមានស្រុក ក្រុងចំនួន ០៦ ឃុំ សង្កាត់ ៤៧ និងភូមិ ២៥៨ ដែលក្នុងចំណោមភូមិទាំងអស់នេះមាន ឧបសម្ព័ន្ធជារចនាសម្ព័ន្ធ គ្រប់គ្រងរដ្ឋបាលបណ្ដោះអាសន្ន ឬហៅថា ភូមិ ឧបសម្ព័ន្ធចំនួន ១២៤។ ក្នុងភូមិសាស្រ្ត ភូមិឧបសម្ព័ន្ធ ទាំងអស់នោះមានប្រជាពលរដ្ឋរស់នៅ ២២.៦២០គ្រួសារ ចំនួនមនុស្ស ៨៧.០៧៦នាក់ ហើយអ្នកដែលមានអាយុចាប់ពី១៨ឆ្នាំឡើង មានចំនួន ៤៦.៨៣៥នាក់ និងបាន ចុះឈ្មោះបោះឆ្នោតចំនួន ៣២.៦៣៨នាក់។
ការសម្រេចបង្កើតភូមិថ្មីជាផ្លូវការជំនួសឲ្យភូមិឧបសម្ព័ន្ធបណ្ដោះអាសន្ន មិនត្រឹមតែបានបង្កលក្ខណៈ ងាយស្រួលដល់ ការគ្រប់គ្រងរដ្ឋបាល របស់អាជ្ញាធរមូលដ្ឋានខេត្តក្រចេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កលទ្ធភាព ធំធេងសម្រាប់ការអភិវឌ្ឍមូលដ្ឋាន នៅតំបន់ដាច់ស្រយាលនេះទៀតផង៕