(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងដឹកនាំកិច្ចប្រជុំរវាងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ជាមួយតំណាងរដ្ឋបាលរាជធានីខេត្តទាំងអស់ នៅម៉ោង៣៖០០រសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីពន្យល់ និងផ្សព្វផ្សាយអំពីវិធានការតាមច្បាប់នានាទាក់ទងនឹងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដូចជាបកស្រាយរាល់ចម្ងល់ទាក់ទងនឹងការដាក់ចេញនូវវិធានការនានារបស់រដ្ឋបាលរាជធានីខេត្ត។

តាមការជូនដំណឹងរបស់ក្រសួងយុត្តិធម៌ តាមបណ្តាញសង្គម បានឱ្យដឹងថា ក្រុមការងារក្រសួងយុត្តិធម៌ នឹងរៀបចំកិច្ចប្រជុំនេះ តាមរយៈប្រព័ន្ធ Zoom ហើយនឹងបញ្ជូន link Zoom ជូនតំណាងរដ្ឋបាលរាជធានីខេត្តទាំងអស់ នាថ្ងៃស្អែកនេះ។

ក្រសួងយុត្តិធម៌សង្ឃឹមថា កិច្ចប្រជុំនាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ខាងមុខនេះ តំណាងរដ្ឋបាលរាជធានីខេត្តទាំងអស់នឹងចូលរួមដោយស្មារតីសហការ និងទទួលខុសត្រូវខ្ពស់៕