(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃសៅរ៍ ទី០៣ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពីការធ្វើខួបកំណើតជូនពីសំណាក់ចៅៗតូច។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានសរសេររៀបរាប់ថា «ចៅ ៤នាក់យកនំ និងផ្កាមកជូនពរជីតាពេលជីតាកំពុងហាត់ប្រាណ ដើម្បីបានឆាប់ត្រឡប់ទៅផ្ទះវិញឱ្យបានមុនម៉ោង ៧យប់។ ចៅស្រីទី៩ គូររូប និងសសេរលិខិតជាភាសាខ្មែរ អង់គ្លេស និងចិនជូនពរជីតា។ ដំណាក់ការកូវីដ គឺមានតែធ្វើបែបនេះហើយទើបល្អ»។
សូមបញ្ជាក់ថា ថ្ងៃទី០៤ ខែមេសា ស្អែកនេះ ជាថ្ងៃដែលសម្តេចបានសម្រេចជ្រើសកំណត់ជាថ្ងៃកំណើតប្រើក្នុងបញ្ជីផ្លូវការ។ ថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៧០ ជាថ្ងៃសម្តេចចូលព្រៃម៉ាគី ធ្វើការតស៊ូតាមការអំពាវនាវរបស់ សម្តេចព្រះ នរោត្តម សីហនុ ដើម្បីប្រឆាំងជាមួយពួកធ្វើរដ្ឋប្រហារខុសច្បាប់ និងការឈ្លានពានរបស់បរទេស។
ដោយពុំចាំថ្ងៃខែកំណើត សម្តេចតេជោ បានយកថ្ងៃទី៤ ខែមេសា ដែលជាថ្ងៃចូលតស៊ូធ្វើជាថ្ងៃកំណើតតែម្តង គឺថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៥២។ លុះដល់ថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៩ សម្តេចដូរឆ្នាំកំណើតមក ១៩៥១វិញ។
ដូរពីឆ្នាំ១៩៥២ មក១៩៥១វិញ ដោយសារវាយអង្គុលីខុស ហើយយកទៅផ្សព្វផ្សាយតាមវិទ្យុផ្សាយសម្លេងរួចទៅហើយ និងមួយវិញទៀត ដោយសម្តេចមើលឃើញថា អាយុជាង ២៦ឆ្នាំ ឡើងធ្វើជារដ្ឋមន្ត្រីការបរទេសនាពេលនោះ ក្មេងពេក បើប្រៀបជាមួយរដ្ឋមន្ត្រីផ្សេងទៀត ដែលមានអាយុសុទ្ធតែជាង៤០ ឬជាង ៥០ឆ្នាំ។ ដូច្នេះសម្តេច ក៏បានសម្រេចដូរឆ្នាំកំណើត មកឆ្នាំ១៩៥១តែម្តង។
ខួបចម្រើនជន្មាយុគម្រប់ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំរបស់សម្តេចតេជោ ទទួលបាននូវការជូនពរពីព្រះមហាក្សត្រ ព្រះមហាក្សត្រី និងថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ និងក្រសួងស្ថាប័ននានាផងដែរ។ ក្នុងព្រះរាជសារ និងសារជូនពរ ក៏បានរំលេចនូវការវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់សម្តេចតេជោ ក្នុងការកសាងអភិវឌ្ឍប្រទេស នាំមកនូវភាពរីកចម្រើនសម្រាប់សង្គមជាតិ និងនាំភាពសុខដុមជូនប្រជាពលរដ្ឋ៕